អង្គការរដ្ឋអ៊ីស្លាម បានចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារគ្រាប់បែបអត្តឃាតទៅលើបន្ទាយហ្វឹកហាត់របស់យោធានៅក្រុង Aden ប្រទេស Yemen ដែលបានសម្លាប់មនុស្ស ៦០នាក់។

/

AFP ដកស្រង់សំដីរបស់មន្ដ្រីសន្តិសុខម្នាក់នៅ Yemen ឱ្យដឹងថា ជនល្មើសបានបើកឡានចូលក្នុងកន្លែងដែលទាហានប្រមូលផ្ដុំគ្នានៅក្នុងទីលានហ្វឹកហាត់ នៅភាគខាងជើងក្រុង Aden រួចចុចបំផ្ទុះគ្រាប់បែក។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី ២៩សីហា បណ្ដាលឱ្យមានមនុស្សស្លាប់ ៦០នាក់ និងរងរបួស ២៩នាក់។

សាក្សីម្នាក់ឱ្យដឹងថា ទូទាំងតំបន់ មានការញាប់ញ័របន្ទាប់ពីមានសម្លេងផ្ទុះ ធ្វើឱ្យប្រជាជនរស់នៅក្បែរនោះ នាំគ្នារត់គេចខ្លួន។

អង្គការរដ្ឋអ៊ីស្លាម ISIS បានចេញមកទទួលខុសត្រូវនៅលើទីភ្នាក់សារព័ត៌មាន Amaq របស់ក្រុមឧទ្ទាម។

Aden ជាតំបន់ដែលធ្លាប់រងគ្រោះដោយសារការបំផ្ទុះគ្រាប់បែកជាច្រើនលើកសំដៅទៅលើក្រុមសន្តិសុខ។ បណ្ដាក្រុមដែលចេញមកទទួលខុសត្រូវគឺ ISIS ឬ al-Qaeda ដែលកំពុងទាញយកផលប្រយោជន៍ពីការច្របូកច្របល់នៅ Yemen ដើម្បីពង្រីកដែនគ្រប់គ្រងនៅភាគខាងត្បូង និងភាគអាគ្នេយ៍របស់ប្រទេសនេះ។

អាជ្ញធរ Yemen ក្នុងអំឡុងពីរខែកន្លងមក បានហ្វឹកហាត់ទាហានរាប់រយនាក់នៅ Aden ដើម្បីត្រៀមសម្រាប់វាយប្រហារដណ្ដើមមកវិញនូវទឹកដីភាគខាងត្បូង ពីក្រុមឧទ្ទាម។

/

មនុស្សជាង ៦.៦០០នាក់ ភាគច្រើនគឺជាប្រជាជនសាមញ្ញនៅ Yemen បានបាត់បង់ជីវិត រាប់ចាប់តាំងពីខែមិនាឆ្នាំ ២០១៥ ពោលគឺពីរខែបន្ទាប់ពីប្រធានាធិបតី Yemen លោក Abd-Rabbu Mansour Hadi ប្រកាសលាលែងពីតំណែង បណ្ដាលឱ្យប្រទេសនេះ ធ្លាក់ក្នុងភាពវឹកវរ។ ប្រជនជា Yemen ជាង ៨០% កំពុងត្រូវការជំនួយមនុស្សធម៌ នេះបើតាមអង្គការសហប្រជាជាតិ។

ប្រែសម្រួល ៖ តារាប្រភព ៖ AFP