(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា ដែលជាយុវតីល្បាញល្បីមួយរូបគាំទ្រគណបក្សប្រឆាំង បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦នេះ កញ្ញាបានសម្រេចជាមួយមេធាវីរបស់នាងហើយ ដោយនៅល្ងាចនេះនឹងដាក់ពាក្យបណ្តឹងក្នុងនាមជាជនរងគ្រោះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនៃសារសម្លេងបរិហាកេរ្តិ៍លើរូបនាង នៅក្នុងសម្លេងសាសងរវាងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ជាមួយយុវតីម្នាក់។

កញ្ញា ធី សុវណ្ណថា ដែលមានវ័យប្រមាណ២០ឆ្នាំ បានបញ្ជាក់ទៀតថា៖ ពាក់ព័ន្ធនឹងសម្លេងបរិហាកេរ្តិ៍ នាងមិនទាន់អះអាងថា ជាសម្លេងរបស់លោក កឹម សុខា​ នោះទេ គឺចង់ឲ្យលោក កឹម សុខា ចេញមុខបកស្រាយការពិត​នៃសារសម្លេងនោះ។ ព្រោះថា នាងមិនដែលបានយក ឈ្មោះកូនស្រីរបស់ លោក កឹម សុខា ទៅដើរបោកប្រាស់គេ និងយកឈ្មោះគណបក្សសង្គ្រោះជាតិធ្វើនយោបាយ ដូចការលើកឡើងនៅក្នុងសារសម្លេងនោះទេ។

កញ្ញាបានបញ្ជាក់ថា៖ «នាងខ្ញុំ ក្នុងនាមជាជនរងគ្រោះ ល្ងាចនេះនាងខ្ញុំសម្រេចដាក់ពាក្យប្តឹងស្វែងរកការពិត សារសម្លេងបរិហាកេរ្តិ៍នាងខ្ញុំ។ បញ្ជាក់៖ នាងខ្ញុំប្តឹងរកការពិត មិនមែនប្តឹងលោក កឹម សុខា ទេ»។

សូមជំរាបថា នៅរាត្រីថ្ងៃទី២៩​ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បន្ទាប់ពីស្រីស្នេហ៍របស់លោក កឹម សុខា (ឈ្មោះស្រីមុំ) ទម្លាយរឿងលួចលាក់ស្នេហា ជាមួយលោក កឹម សុខា និងបញ្ហាមិនទទួលខុសត្រូវរបស់លោក កឹម សុខា ព្រមទាំង មន្រ្តីសកម្មជន CNRP ដែលមាន Facebook ឈ្មោះ «រឿងពិត CNRP» បានបន្តទម្លាយសម្លេងលោក កឹម សុខា និយាយដើមកញ្ញា​ ធី សុវណ្ណថា។

នៅក្នុងសម្លេងចំនួនជិត៥នាទីនោះលោក កឹម សុខា​ បាននិយាយថា៖ «ធី សុវណ្ណថា ថាជាក្មេងស្រីដែលសុំគាត់ធ្វើការតាំងពី នៅគណបក្សសិទ្ធិមនុស្ស ហើយចុងក្រោយនេះ លោក កឹម សុខា ចោទថា កញ្ញា ធី សុវណ្ណថា បានឈ្លោះគ្នាជាមួយគណបក្សសង្គ្រោះជាតិ ឈ្លោះគ្នាជាមួយកូនស្រីរបស់គាត់ និងថា ធី សុវណ្ណថា ឈប់ពីសង្គ្រោះជាតិយូរហើយ»៕ (សូមស្តាប់សារសម្លេងរបស់លោក កឹម សុខា ជាមួយយុវតីម្នាក់)៖


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី