ការបង្រាបរបស់នគរបាលអាមេរិក ទៅលើក្រុមឧក្រិដ្ឋជនដើមកំណើតវៀតណាម បាននាំឱ្យមានការចាប់ខ្លួន និងរឹបអូសបានអាវុធ គ្រឿងញៀន និងម៉ាស៊ីនលេងល្បែងជាច្រើន។

/

បញ្ជីឈ្មោះនៃ​ក្រុមជនសង្ស័យ ក្នុងយុទ្ធនាការ​ចុះបង្រាប​ដែលមានឈ្មោះថា Gang of Thrones

 

យោងតាម LA Times ការចុះបង្រាបត្រូវបានធ្វើឡើងនៅតំបន់មួយចំនួននៃទីក្រុង San Jose រដ្ឋ California អាមេរិក ហើយវាគឺជាលទ្ធផលនៃការស្រាវជ្រាវរយៈពេល៦ខែ របស់នគរបាល ទៅលើខ្សែរយៈនៃការលេងល្បែង ជួញគ្រឿងញៀន ដែលធ្វើសកម្មភាពនៅក្នុងហាងកាហ្វេមួយចំនួនរបស់ជនជាតិវៀតណាម។

នគរបាលប្រកាសថា ជនសង្ស័យចំនួន ២៣នាក់ត្រូវបានចាប់ខ្លួន ក្រោមបទចោទប្រកាន់ថា បានជំរិតទារប្រាក់ សូកប៉ាន់ ជួនដូរគ្រឿងញៀន និងប្រើអាវុធខុសច្បាប់។ ក្នុងចំណោមនោះ ក៏មាននគរបាលម្នាក់ឈ្មោះ Derrick Antonio ដែលត្រូវបានចោទប្រកាន់ពីបទរួមដៃជាមួយក្រុមឧក្រិដ្ឋជនខាងលើ។

/

វត្ថុតាងដែល​នគរបាល​រឹបអូសបានក្នុងការ​ចុះបង្រាប​

ជនសង្ស័យចំនួន ៦នាក់ បច្ចុប្បន្ន កំពុងរត់គេចខ្លួន។ ចំណែក មន្ដ្រីនគរបាល Derrick Antonio អាយុ ៣៤ឆ្នាំ ដែលបានបម្រើការជាភ្នាក់ងារនគរបាលរយៈពេល ៩ឆ្នាំ បច្ចុប្បន្ន ត្រូវបានធានាឱ្យនៅក្រៅឃុំ។

/

នគរបាល​បានចាប់ខ្លួនជនជាតិ​វៀតណាម និង​ម៉ាស៊ីនលេងល្បែង នៅក្នុង​ហាងកាហ្វេ Xinh Xinh ក្នុងក្រុង San Jose កាលពីខែ​មិនា 

ករណីខាងលើនេះ នគរបាលក៏រឹបអូសបានប្រាក់ចំនួន ២០០.០០០ដុល្លារ គ្រឿងញៀនជាង ២៧០គីឡូក្រាម កាំភ្លើងខ្លីចំនួន ៥ដើម ម៉ាស៊ីនលេងល្បែងចំនួន ៦៩គ្រឿង និងក្រពើមួយក្បាលផងដែរ។ នាយនគរបាលក្រុង San Jose លោក Eddie Garcia និងមន្ដ្រីរបស់ FBI រួមនឹងមន្ទីរប្រឆាំងគ្រឿងញៀន បានប្រកាសអំពីយុទ្ធនាការចុះបង្រាបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីម្សិលមិញ។

ប្រែសម្រួល ៖ តារា