ក្រុមអ្នកវិទ្យាសាស្ដ្រមួយក្រុមបានរកឃើញអ្វីមួយដ៏អាថ៌កំបាំង ដែលរារាំងពន្លឺពី ព្រះអាទិត្យ(ផ្កាយ) វ័យក្មេងមួយដែលមានឈ្មោះថា RIK-210 មានចម្ងាយប្រហែល ៤៧២ឆ្នាំពន្លឺ ពីផែនដី។

ជាធម្មតា នៅពេលផ្កាយមួយដែលអន់ថយពន្លឺ បន្តិចម្ដង នោះគឺជាសញ្ញាដែលប្រាប់ថា មានអ្វីមួយកំពុងវិលជុំវិញវា ដូចជាភពជាដើម ប៉ុន្តែ RIK-210 មិនមែនដូច្នេះទេ។

/

ផ្កាយ RIK-210 ត្រូវបានរកឃើញដោយប្រើកែវយឹតអវកាស Kepler របស់ NASA

RIK-210 គឺជាផ្កាយមួយក្នុងចំណោមផ្កាយដ៏ចម្លែកដែលមនុស្សធ្លាប់បានរកឃើញក្នុងប៉ុន្មានខែកន្លងទៅនេះ។ អ្នកវិទ្យាសាស្ដ្រតែងតែស្វែងរកពន្លឺពីបណ្ដាផ្កាយដែលនៅសែនឆ្ងាយ ដោយសង្ឃឹមថានឹងរកឃើញភពដែលវិលជុំវិញវា។ នៅពេលផ្កាយមួយដែលមានរស្មីថយចុះ គឺវាបង្ហាញថា វាមានអ្វីមួយនៅខាងមុខផ្កាយ រារាំងពន្លឺរបស់វាមកកាន់ផែនដី។

ភាគច្រើន អ្នកវិទ្យាសាស្ដ្ររកឃើញថា មូលហេតុដែលនាំឱ្យផ្កាយថយពន្លឺ គឺដោយសារមានភពមួយនៅពីមុខ ឬផ្កាយមួយផ្សេងទៀត ប៉ុន្តែ ជួនកាលក៏មានអាចម៍ផ្កាយយក្សដ៏ចម្លែក។

ការថយពន្លឺរបស់ផ្កាយមួយដែលទើបត្រូវបានរកឃើញនេះ មានភាពអាថ៌កំបាំងជាងមុន។

ការរកឃើញផ្កាយមួយដែលថយពន្លឺនេះ ត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ដ្រនៅ Kepler នៃ NASA ។ បេសកកម្មនេះ ប្រើប្រាស់កែវយឹតអវកាស Kepler ដើម្បីស្វែងរកមនុស្សភពផ្កាយ ដោយការតាមដានពន្លឺពីបណ្ដាផ្កាយដែលនៅសែនឆ្ងាយ។ ទិន្នន័យនេះ ត្រូវបានបញ្ជូនទៅឱ្យក្រុមអ្នកវិភាគ ដែលដឹកនាំដោយ Trevor David មកពីមន្ទីរបច្ចេកវិទ្យា California (Caltech)។

យោងតាមរបាយការណ៍ ពន្លឺរបស់ផ្កាយ RIK-210 ត្រូវថយចុះ ១៥% រៀងរាល់ ៥,៦៧ថ្ងៃនៅលើផែនដី។

ក្រុមអ្នកវិទ្យាសាស្ដ្របានស្វែងរកមូលហេតុដែលឆ្លើយតបទៅនឹងប្រការខាងលើ។ ពួកគេយល់ឃើញថា ប្រការខាងលើអាចបណ្ដាលមកពីមានផ្កាយពណ៌ប្រផេះនៅក្បែរនោះ ប៉ុន្តែ ការយល់ឃើញនេះ ក្រោយមកក៏ត្រូវបានទាត់ចោល ព្រោះនៅពេលគេពិនិត្យមើលយូរ រូបភាពដែលទទួលបាន មិនមានសញ្ញាអ្វីបង្ហាញអំពីវត្តមានរបស់ផ្កាយប្រផេះ។

/

ផ្កាយមួយដែលថយពន្លឺ អាចបណ្ដាលមកពីមានភពមួយ ឬច្រើននៅពីមុខ

ក្រៅពីនេះ ក្រុមអ្នកវិទ្យាសាស្ដ្រក៏គិតថា ប្រហែលជាដោយសារមានពពកនៅក្បែរផ្កាយនេះ បណ្ដាលឱ្យពន្លឺរបស់វាត្រូវថយចុះ។ ប៉ុន្តែ ការយល់ឃើញនេះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយ។ បច្ចុប្បន្ន អ្នកវិទ្យាសាស្ដ្រកំពុងសិក្សាស៊ីជម្រៅអំពីផ្កាយ RIK-210 នេះ៕

ប្រែសម្រួល ៖ តារាប្រភព ៖ themarshalltown/khoahoc