ថ្មីៗកន្លងទៅនេះ នៅប្រទេសជប៉ុន មានការបាត់បង់ជីវិតចំនួនពីរករណី បានកើតឡើងទាក់ទឹននឹងហ្គេម Pokemon Go។ គ្រោះថ្នាក់លើកទីពីរនេះ គឺកើតឡើងទៅលើស្ដ្រីជនជាតិវៀតណាម រស់នៅជប៉ុន។

យោងតាមព័ត៌មានដែលត្រូវបានចុះផ្សាយនៅលើទំព័រសារព័ត៌មានជប៉ុន ស្ដ្រីជនជាតិវៀតណាមម្នាក់ បានបាត់បង់ជីវិត នៅពេលដើរឆ្លងផ្លូវ។ អ្នកដែលបានបង្កគ្រោះថ្នាក់នេះគឺជាបុរសវ័យក្មេងជនជាតិជប៉ុន។ បុរសនេះ មិនមានការប្រុងប្រយ័ត្នពេលកំពុងបើកបររថយន្ដ ព្រោះជក់លេងហ្គេម Pokemon Go។ ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី ១១សីហា នៅក្នុងក្រុង Kasugai ប្រទេសជប៉ុន។

/

បច្ចុប្បន្ន ហ្គេម Pokemon Go កំពុង​ពេញនិយម នៅលើពិភពលោក ប៉ុន្តែ វា​ក៏បានបង្កឱ្យមានគ្រោះថ្នាក់ជាច្រើន​កើតឡើងផងដែរ

នគរបាលក្នុងតំបន់បានចាប់ខ្លួនអ្នកបង្កហេតុខាងលើ។ ក្នុងពេលសួរចម្លើយ បុរសបង្កហេតុបានប្រាប់ថា មុនពេលគ្រោះថ្នាក់កើតឡើង ខ្លួនកំពុងតែលេងហ្គេម Pokemon Go និងត្រៀមបញ្ចូលថាមពលថ្មទូរស័ព្ទ។ នៅពេលត្រៀមបញ្ចូលថ្ម ក៏ស្រាប់តែជួបនឹងគ្រោះថ្នាក់នេះ។

បន្ទាប់ពីគ្រោះថ្នាក់បានកើតឡើង ស្ដ្រីរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ក្នុងស្ថានភាពសន្លប់។ ប៉ុន្តែ បើទោះត្រូវបានសង្គ្រោះបន្ទាន់ពីក្រុមគ្រូពេទ្យ ស្ដ្រីជនជាតិវៀតណាមម្នាក់នេះ នៅតែបាត់បង់ជីវិត នៅក្នុងថ្ងៃទី ២៥សីហាកន្លងទៅ។

គួររំលឹកកាលពីថ្ងៃទី ២៤សីហា ក៏មានករណីដូចគ្នានេះកើតឡើង នៅពេលបុរសបើកបររថយន្ដម្នាក់ បានជ្រុលចង្កូតទៅបុកស្ដ្រីពីរនាក់ បណ្ដាលឱ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ ពេលសួរចម្លើយ បុរសបង្កហេតុប្រាប់ថា គ្រោះថ្នាក់បានកើតឡើង ក្នុងពេលខ្លួនកំពុងលេងហ្គេម Pokemon Go។

Pokemon Go គឺជាហ្គេមដែលទាក់ទាញមនុស្សលេងច្រើនបំផុតនាបច្ចុប្បន្ន ហើយតាំងពីត្រូវបានបង្ហាញខ្លួន អ្នកលេងហ្គេមនេះជាច្រើន បានជួបនឹងគ្រោះថ្នាក់ បើទោះក្រុមហ៊ុន Niantic បានប្រកាសណែនាំមិនឱ្យលេងហ្គេមនេះពេលកំពុងបើកបរក៏ដោយ៕

ប្រែសម្រួល ៖ បុត្រាប្រភព ៖ ibtimes