Apple នឹងបង្ហើបនូវចំណុចថ្មីអ្វីខ្លះនៅក្នុងសន្និសីទសម្រាប់ក្រុមហ៊ុនអភិវឌ្ឍទូទាំងពិភពលោក (WWDC) ឆ្នាំ ២០១៦ នៅយប់នេះ? ព័ត៌មានខាងក្រោមនេះ អាចឱ្យមិត្តអ្នកស្នេហាវិស័យបច្ចេកវិទ្យាបានស្វែងយល់បន្ថែម មុននឹងព្រឹត្តិការណ៍ (WWDC) មកដល់។
WWDC គឺជាព្រឹត្តិការណ៍មួយដែលត្រូវបានគេទន្ទឹងរង់ចាំបំផុតក្នុងឆ្នាំ សម្រាប់អ្នកចូលចិត្តវិស័យបច្ចេកវិទ្យា ក៏ដូចជាអ្នកគាំទ្ររបស់ក្រុមហ៊ុន Apple។ WWDC នឹងនាំមកនូវព័ត៌មានថ្មីបំផុតអំពីផលិតផល រចនារូបរាងនៃផលិតផលរបស់ Apple ដូចជា iOS, Mac OS X ឬមួយ watchOS និង tvOS របស់ Apple Watch និង Apple TV។

ជាទូទៅ ហាតវ៉ែរ តែងត្រូវបានគេផ្ដោតការយកចិត្តទុកដាក់ច្រើនបំផុត។ ទន្ទឹមនឹងនេះ គម្រោង ដទៃមួយចំនួនក៏ត្រូវបានដើរជាមួយការកែលំអរចនារូបរាងរបស់ផលិតផលមុនៗរបស់ក្រុមហ៊ុនApple ដូចជា Apple Music, Siri, iTunes, Home Kit, AppStore និងផ្នែកដទៃទៀតដែលភ្ជាប់ជាមួយនឹង iOS 10 និង Mac OS X 10.12។
Siri

Siri ត្រូវបានគេចាត់ទុកថានឹងមានការបង្ហាញខ្លួនប្រកប់ដោយភាពរំជើបរំជួល នៅពេលត្រូវបានបំពាក់នៅលើ Mac OS 10.12 ដែលមានតួនាទីសំខាន់ដូចទៅនឹងមុខងារថ្មីដែលបន្ថែមទៅលើរចនារបស់ Macbook ដែលធ្លាប់បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ WWDC លើកមុន។
Apple Music / iTunes

កាលពីឆ្នាំទៅ Apple Music បានធ្វើឱ្យកក្រើកនៅក្នុងព្រឹត្តិការណ៍ WWDC ហើយឆ្នាំនេះ គេក៏រំពឹងថា នឹងមានការកែលំអសំខាន់ៗផងដែរ។
Apple Pay

ក្នុងព្រឹត្តិការណ៍ WWDC ឆ្នាំនេះ Apple Pay នឹងបង្ហាញខ្លួនជាមួយនឹង iMessage ដើម្បីជួយឱ្យប្រតិបត្តិការបានងាយស្រួលជាងមុន។
iOS 10

Apple បាន និងកំពុងប្រឹងប្រែងក្នុងការអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន ហើយ iOS ក៏មិនខុសគ្នាដែរ។
Apple Watch

ថ្មីៗនេះ Apple បានស្នើរឱ្យបណ្ដាអែបនៅលើ Apple Watch ចាប់ពីពេលនេះតទៅ ត្រូវតែត្រូវបានបង្កើតឡើងដោយយោងទៅលើឧបករណ៍ SDK ដែលខ្លួនបង្កើតឡើង។
iCloud

លោកអ្នកប្រហែលជាមិនទាន់ភ្លេចនូវរឿងរ៉ាវសំខាន់មួយដែលបានកើតឡើង នៅពេល FBI ស្នើរ Apple ឱ្យផ្ដល់សិទ្ធិចូលទៅមើលទិន្នន័យដែលត្រូវបានបំលែងជាកូដនៅក្នុងស្មាតហ្វូន iPhone ដែលជាភ័ស្ដុតាងក្នុងអំពើបាញ់ប្រហារមួយនៅ San Bernardino។ ប្រការនេះបានធ្វើឱ្យ Apple កាន់តែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍប្រព័ន្ធការពារសម្ងាត់ ក៏ដូចជាការចម្លងទិន្នន័យ ឱ្យបានល្អប្រសើរជាងមុននៅលើឧបករណ៍បច្ចេកវិទ្យារបស់ខ្លួន។
សន្និសីទ WWDC ខាងមុខនេះនឹងក្លាយជាឱកាសដែលមិនអាចបោះបង់បានសម្រាប់ក្រុមអ្នកស្នេហាបច្ចេកវិទ្យាក្នុងការតាមដានរាល់សកម្មភាពរបស់ Apple ដូច្នេះ សូមតាមដានជាមួយយើងខ្ញុំជាបន្តទៀត៕
ប្រែសម្រួល ៖ បុត្រា