ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ស៊ិនហួរ កាលពីវេលាល្ងាចម្សិលមិញនេះបានចេញផ្សាយអត្ថបទអោយដឹងថា សំណង់អាគារពាណិជ្ជកម្មកំពស់ ២២ ជាន់មួយកន្លែងមានទីតាំងស្ថិតនៅក្នុងក្រុង Lagos ប្រទេសនីហ្សេរីយ៉ា ត្រូវបានរកអោយឃើញថា រងការខូចខាតយ៉ាងដំណំ ក្រោយមានការវាយប្រហារឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាព្រឹកព្រលឹមថ្ងៃច័ន្ទម្សិលមិញនេះ។

អ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺ ក្រុមមនុស្សដែលជាឈ្មួញ ក៏ដូចជាអាជីវករ បានត្រឹមតែឈរមើលភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ទៅលើមុខទំនិញរបស់ពួកគេ នៅក្នុងសំណង់អាគារពាណិជ្ជកម្មមួយនេះ ព្រោះថា សំណង់អាគារពាណិជ្ជកម្មនេះ ដើរតួយ៉ាងសំខាន់ ក្នុងនាមជាទីតាំងការិយាល័យ និងជាកន្លែងស្តុកទំនិញដ៏ធំមួយ លំដាប់ថ្នាក់ទី ៥ របស់ប្រទេសនេះ។

គួរបញ្ជាក់ផងដែរថា គ្មាននរណាម្នាក់ទទួលរងរបួសនោះទេ ព្រោះថា អគ្គីភ័យមួយនេះបានឆាបឆេះមុននឹងម៉ោងធ្វើការចាប់ផ្តើម ។ លោក Kazzem Alabi ជាអ្នកជំនួញប្រុសម្នាក់ អះអាងអោយដឹងថា អគ្គីភ័យបានឆាបឆេះចាប់តាំងពីម៉ោង ៦ ព្រឹកដោយផ្តើមចេញពីជាន់ទី១លុះដល់ម៉ោង ១០ និង ៣០ នាទីព្រឹក ទើបអគ្គីភ័យមួយនេះ ស្ថិតនៅក្រោមការគ្រប់គ្រងពោលគឺ រំលត់ទៅវិញ។

គួររំឭកផងដែរថា មូលហេតុ ដែលនាំអោយមានគ្រោះអគ្គីភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅមួយនេះ ពុំទាន់បានដឹងច្បាស់នៅឡើយនោះទេ តែតាមការប៉ាន់ប្រមាណជាជំហានដំបូងពីសំណាក់ក្រុមឈ្មួញនោះអោយដឹងថា ផ្តើមចេញពីសំណង់អាគារក្បែរខាង៕


* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ស្លាប់ ៣ នាក់លើឡានក្រុង ក្រោយពីមានការចាក់សម្លាប់រង្គាល នៅទីសាធារណៈ- ប្រទះឃើញ សំបុត្រអនាមិក គំរាម មានការបំផ្ទុះគ្រាប់បែក នៅឯអាកាសយានដ្ឋាន- រកឃើញ គ្រាប់បែកយក្សមិនទាន់ផ្ទុះ សល់ពីសង្គ្រាម លោកលើកទី ២- វីដេអូ ៦ នាក់ស្លាប់នៅ ប៉ាតាយ៉ា ក្រោយសាឡាង ដឹកអ្នកទេសចរ ក្រឡាប់លិច
ប្រែសម្រួល ៖ កុសលប្រភព ៖ ស៊ិនហួរ