ឧទ្ធម្ភាគចក្រ Black Hawk របស់ NATO មួយគ្រឿងដែលដឹកមនុស្ស ៤នាក់ បានធ្លាក់នៅភាគនិរតីនៃប្រទេស Afghanistan កាលពីម្សិលមិញ នេះបើតាមការអោយដឹងពីមន្ដ្រីយោធាអាមេរិក។
ឧទ្ធម្ភាគចក្រ Black Hawk របស់ Nato
មនុស្សដែលនៅក្នុងឧទ្ធម្ភាគចក្រនោះត្រូវបានគេជឿថាជាទាហានរបស់ អាមេរិក ប៉ុន្ដែគេមិនទាន់ដឹងច្បាស់ថា មានអ្នកស្លាប់ និងរបួសប៉ុន្មាននាក់នោះទេ។
មន្ដ្រីការពារជាតិអាមេរិកបានអោយដឹងថា ពួកគេនឹងមិនរំលងចោលនូវមូលហេតុដែលបណ្ដាលមកពីទង្វើរបស់សត្រូវ ប៉ុន្ដែសញ្ញាដំបូងបានបង្ហាញថា ករណីគ្រោះថា្នក់នេះគឺដោយសារអាកាសធាតុអាក្រក់។
យោងតាមមន្ដ្រីយោធារបស់កងកម្លាំងជំនួយសន្ដិសុខអន្ដរជាតិ (Isaf) ដែលដឹកនាំដោយ NATO នៅ Kabul បានរាយការណ៍ថា កន្លែងកើតហេតុត្រូវបានគ្រប់គ្រង ហើយមូលហេតុនៃគ្រោះថ្នាក់នេះកំពុងត្រូវបានស្រាវជ្រាវ។
សារព័ត៌មាននានាក៏បានរាយការណ៍ថា គ្រោះថា្នក់នេះបានកើតឡើងនៅក្នុងតំបន់ភាគនិរតីរបស់ Afghanistan ដែលរួមមានខេត្រ Helmand ជាមូលដ្ឋានចាស់របស់ Taliban ។
គួររំឮកថា កាលពីខែសីហា ឆ្នាំ ២០១១ ជនជាតិអាមេរិកចំនួន ៣០នាក់(ភាគច្រើនជាកងកម្លាំងពិសេស) រួមនឹងជនជាតិ Afghanistan ចំនួន ៦នាក់បានបាត់បង់ជីវិតនៅពេលកាំជ្រួចមួយគ្រាប់របស់ Taliban បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Chinook មួយគ្រឿង នៅភាគខាងកើត Afghanistan៕
ដោយ ៖ សូរីយ៉ាប្រភព ៖ AFP, BBC