បាងកក៖ ប្រធានបក្សប្រឆាំង អះអាងថា នាយករដ្ឋមន្រ្តី ត្រូវតែទទួលខុសត្រូវ បើសិនជាស្តាប់បង្គាប់ អតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ក្នុងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។

យោងតាមសារព័ត៌មាន INN នៅថ្ងៃ ចន្ទ ទី ២៤ ខែ ធ្នូ នេះបានឲ្យដឹងថា លោក អាប់ភិស៊ីត វេចាជីវ៉ា ប្រធានបក្សប្រជាធិបតេយ្យ (បក្សប្រឆាំងថៃ) បានថ្លែង ទាមទារឲ្យ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ និង រដ្ឋាភិបាលក្រុងបាងកក ទទួលខុសត្រូវរាល់បញ្ហា ដែលកើតឡើងចំពោះប្រទេសជាតិ បើសិននៅតែបន្ត ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និង ស្តាប់បង្គាប់ អតីនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា។

លោក អាប់ភិស៊ីត បានបន្តទៀតថា សម្តីលោក ថាក់ស៊ីន ដែលបានថ្លែងទៅកាន់ក្រុមអាវក្រហម តាមរយៈ វិឌីអូឆ្លងឆ្លើយ (វិឌីអូខនហ្វឺរ៉េន) គឺជាសម្តីមិនពិត តែវាជាការញុះញង់ ឲ្យប្រឆាំង ទៅនឹងរបបនីតិរដ្ឋ ដើម្បីខ្លួនរួចផុតពីការជាប់ទោសតែប៉ុណ្ណោះ។ បើរដ្ឋាភិបាល នៅតែមិនបញ្ឈប់សកម្មភាពនេះទេ នោះប្រទេសជាតិនឹងមិនភាពស្ងប់សុខឡើយ។

ក្រៅពីនេះ លោក អាប់ភិស៊ីត បានអះអាងថា បក្សប្រឆាំងនៅតែបន្ត យុទ្ធនាការជំទាស់នឹងច្បាប់ នៃការធ្វើប្រជាមតិ ដើម្បីឲ្យ ប្រជាពលរដ្ឋយល់ពីវត្ថុបំណង នៃការកែរដ្ឋធម្មនុញ្ញ ដើម្បីជួយមនុស្សតែម្តងប៉ុណ្ណោះ ដោយភេ្លចគិតពីប្រយោជន៍ ប្រទេសជាតិ៕

/

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល