(អ៊ុយក្រែន)៖ បើយោងតាមអ្នកនាំពាក្យ ទីបញ្ជាការប្រតិបតិ្តការយោធា​អ៊ុយក្រែន បានឲ្យដឹងថា ការធ្វើ​សមយុទ្ធបាញ់មីស៊ីលចំនួនពីរថ្ងៃ ដែលបានគ្រោងទុកនៅតំបន់​ភាគខាងត្បូង​ប្រទេសកំពុងតែ​ប្រព្រឹត្ត​ទៅ ហើយកៀកនឹងដែនអាកាសតំបន់គ្រីមា ដែលស្ថិតក្រោមការគ្រប់គ្រង​របស់ប្រទេសរុស្ស៊ី​ជាទីបំផុត។ នេះបើតាមការចេញផ្សាយ​​ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិច​នារសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦។

ជុំវិញបញ្ហានេះ​កាលពីសប្តាហ៍មុន​ ទីភ្នាក់ងារអាកាសចរណ៍រុស្ស៊ី Rosaviastia បានលើកឡើងថា ការដែលអ៊ុយក្រែន​បានធ្វើការសម្រេចចិត្ត​ ដោយឯកតោភាគី ក្នុងការធ្វើសមយុទ្ធ​បាញ់មីស៊ីលនៅក្បែរ​ទីក្រុង Simferopol នៃតំបន់គ្រីមា បានរំលោភបំពានលើកិច្ចព្រមព្រៀងអន្តរជាតិ ដោយសារតែការហ្វឹកហ្វឺន​បាញ់មីស៊ីលដែលធ្វើឡើង​ចាប់ពីថ្ងៃទី០១ ដល់ទី០២ ខែធ្នូនេះ នឹងរំលោភចូល​ទៅក្នុងដែន​អាកាសចរណ៍ ​របស់ប្រទេសរុស្ស៊ី ដូច្នេះហើយវាច្បាស់ជាបង្កការគំរាមកំហែង​ ដល់សុវត្ថិភាពនៃការហោះហើរ។

ប៉ុន្តែអ្នកនាំទីបញ្ជាការដែនអាកាស​ នៃកងទ័ពជើងអាកាស​អ៊ុយក្រែន លោក Volodymyr Kryzhanovskiy បានអះអាថា «អ្វីៗបានប្រព្រឹត្តទៅតាម​គំរោងការណ៍ ដែលបានរៀបចំទុក ហើយការ​ធ្វើ​សមយុទ្ធបាញ់មីស៊ីល​នេះ មិនបានបំពានច្បាប់អន្តរជាតិនោះឡើយ ព្រោះថាយើងនឹងរក្សាចម្ងាយ យ៉ាងហោចណាស់ក៏បីគីឡូម៉ែត្រ​ ពីដែនអាកាសតំបន់គ្រីមៀដែរ ដែលគម្លាតនេះ​ គឺសមរម្យ​មិនរំលោភ​ច្បាប់ អ្វីឡើយ»។

យ៉ាងណាមិញ ខណៈ​​កងអង្គភាពនាវាសមុទ្រខ្មៅ ​របស់ប្រទេសរុស្ស៊ី កំពុងតែប្រុងជើងការនៅតាម​បណ្តាយឆ្នេរ ភាគខាងលិច​នៃតំបន់គ្រីមៀ ដើម្បីត្រៀមខ្លួនការពារដែន អាកាស​ក្នុងតំបន់ ដោយនឹង​អាចធ្វើការ​បាញ់​ទម្លាក់ គ្រាប់មីស៊ីលរបស់អ៊ុយក្រែន​ណាមួយ​ ដែលហ៊ានបាញ់រំលោភចូលក្នុងដែន អាកាសរបស់់រុស្ស៊ី។ គួរបញ្ជាក់ដែរថា ប្រទេសរុស្ស៊ីក៏បានផ្ញើសារ ព្រមាន ទៅកាន់ភាគីអ៊ុយក្រែនផងដែរ​ ប៉ុន្តែពុំទាន់ទទួលបានការ​ឆ្លើយតបវិញ នោះឡើយ៕

width=730

ផ្តល់សិទ្ធិដោយ ៖​ ខ្មែរថកឃីង