-ឪពុក-ម្ដាយក្រីក្រពេក សូមអំពាវនាវ ដល់សប្បុរសជន ជួយឧបត្ថម្ភ សម្រាប់ការវះកាត់
រតនគីរី ៖ ទារកចម្លែក ដែលកើតនៅ ក្នុងគ្រួសារមួយ មានជីវភាពក្រីក្របានធ្វើ ឱ្យឪពុក-ម្ដាយ និងប្រជាពលរដ្ឋនៅក្នុងភូមិ មានការភ្ញាក់ផ្អើល និងនាំគ្នាទៅចោមរោម មើលជារៀងរាល់ថ្ងៃ ដោយសារតែទារករូបនេះ កើតចេញមកមានដុះសាច់ចេញពីគូថ ដែលអ្នកភូមិហៅថា ទារកដុះកន្ទុយ ។
ទារកដុះកន្ទុយខាងលើនេះ បានកើត ចេញពីផ្ទៃម្ដាយ អស់រយៈពេល១ខែ៣ថ្ងៃ ហើយគិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៣ ស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡា បានសៀក ក្រុងបានលុង ខេត្ដរតនគីរី ដែលមានម្ដាយឈ្មោះ យ៉េន អេង អាយុ ៣០ឆ្នាំ មុខរបរនៅផ្ទះ និងប្ដីឈ្មោះ សៀម រិន អាយុ ៣៥ឆ្នាំ មុខរបរ កម្មករសំណង់ ហើយទារករូបនេះគឺជាកូនទី៣របស់ក្រុម គ្រួសារក្រីក្រមួយនេះ ។
ប្រជាពលរដ្ឋនៅក្នុងភូមិ បាននិយាយថា គ្រួសារខាងលើ មានជីវភាពក្រីក្រយ៉ាងខ្លាំង ពោលរកបានព្រឹកខ្វះល្ងាចរកបាន ល្ងាចខ្វះព្រឹក ហើយគាប់ជួបនឹងកើតបានកូនទី៣ មានដុះកន្ទុយចម្លែកទៀតផង ។
ជាមួយគ្នានេះ រាល់ថ្ងៃរាល់យប់ ប្រជា ពលរដ្ឋឮសំឡេងស្រែកយំ ដោយសារតែពេលវាដេកប៉ះកន្ទុយរបស់ខ្លួន នាំឱ្យឈឺ ។ អ្នកស្រី យ៉េន អេង ជាម្ដាយទារកចម្លែក បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងថា រូបគាត់ចង់យកទារកនេះទៅព្យាបាល នៅមន្ទីរពេទ្យដែរ ប៉ុន្ដែគ្មានលុយ ដូច្នេះមិនដឹងធ្វើយ៉ាងណានោះទេ ។
អ្នកស្រី យ៉េន អេង និងប្ដី សូមអំពាវ នាវដល់សប្បុរសជននានា និងអង្គការ សប្បុរសធម៌ណាមួយ មេត្ដាជួយឧបត្ថម្ភដល់អ្នកស្រី ដើម្បីយកកូនទៅព្យាបាល និង អាចកាត់កន្ទុយចេញបើមិនដូច្នោះទេ ច្បាស់ជាកូនប្រុសរបស់គាត់រូបនេះយំរហូត ដល់ស្លាប់ជាក់ជាមិនខាន ពីព្រោះមួយយប់ៗវាយំទល់ភ្លឺ ៕



ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល