កាលពីថ្មីៗនេះ មានលេចឮព័ត៌មានថា ក្រុមហ៊ុន Samsung គ្រោងបង្កើត Galaxy Note 3 អេក្រង់ទំហំ ៦,៣អ៉ីញ ប៉ុន្តែដំណឹងនោះគ្រាន់តែ ជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។
នៅថ្ងៃនេះ មិនខុសពីព័ត៌មានដូចខាងលើឡើយ យោងតាមគេហទំព័រ Uber Gizmo ដែលបានចុះផ្សាយនៅថ្ងៃនេះថា ក្រុមហ៊ុន Huawei គ្រោងបង្កើតស្មាតហ្វូនអេក្រង់យក្ស។
បុរសម្នាក់ឈ្មោះ Eldar Murtazin បានសរសេរ និងបង្ហោះរូបភាពស្មាតហ្វូនមួយនៅលើ Tweet របស់លោក ដោយបានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់យក្សនោះ គឺជារបស់ Huawei ហើយថែមទាំងនិយាយថា ស្មាតហ្វូននេះ មានអេក្រង់ទំហំ ៨,៥អ៉ីញទៀងផង។
យើងស្ទើរតែមិនគួរឲ្យជឿ ព្រោះថាមកដល់ពេលនេះ នៅមិនទាន់មានស្មាតហ្វូនណាមួយ មានអេក្រង់ទំហំ ៨,៥អ៉ីញឡើយ គឺមានតែ Tablet ទេ ដែលមានអេក្រង់ធំបែបនេះ។
គួរបញ្ជាក់ផងដែរថា នេះគ្រាន់តែជាព័ត៌មានចចាមអារ៉ាមមួយប៉ុណ្ណោះ ព្រោះថានៅមិនទាន់មានសេចក្ដីបំភ្លឺ ពីខាងក្រុមហ៊ុន Huawei នោះទេ៕

ដោយ៖ lookingtodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល