
អគ្គីភ័យយ៉ាងខ្លាំងបានកើតឡើងនៅតំបន់ព្រៃភ្នំខេត្ត Shan-tung ខាងកើតប្រទេសចិន
ខ្យល់ខ្លាំងបានធ្វើឲ្យ ភ្លើងរីករាលដានទៅតំបន់ភ្នំ Tai Shan។ នៅម៉ោង៩ព្រឹកថ្ងៃទី១៨
ខែមេសា រដ្ឋាភិបាលខេត្ត Shan-tung ត្រូវកេណ្ឌប្រមួលកងកម្លាំងពន្លត់អគ្គីភ័យជាង
៣០០នាក់ដើម្បីពន្លត់ភ្លើង ដែលកំពុងឆេះយ៉ាងសន្ធឹកសន្ថមនៅតំបន់ខេត្ត Shan-tung
ប្រទេសចិននេះ។ ទោះបីជាត្រូវបានសង្គ្រោះជាបន្ទាន់ ប៉ុន្តែភ្លើងនៅតែរីករាលដានទៅ
ដល់តំបន់ភ្នំ Tai Shan ទៀត។ ភ្នំ Tai Shan ស្ថិតនៅខាងកណ្តាល របស់ខេត្ត Shan-tung
ប្រទេសចិន មានកម្ពស់ ១.៥៤៥ម ធៀបនឹងផ្ទៃទឹកសមុទ្រ ។ ភ្នំ Tai Shan គឺភ្នំសំខាន់មួយ
ក្នុងចំណោមភ្នំយ៉ាងស័ក្តសិទ្ធិរបស់ប្រទេសចិន។
ក្នុងថ្ងៃដូចគ្នានោះ ករណីអគ្គីភ័យផ្សេងមួយទៀតក៏បានកើតឡើងនៅខេត្ត Lai Vu
រដ្ឋាភិបាលត្រូវកេណ្ឌកងកម្លាំងពន្លត់ភ្លើងជាង ១០០០នាក់ ហើយត្រូវចំណាយ៤៨ម៉ោង
ទើបនឹងទប់ស្កាត់វាបាន។ បច្ចុប្បន្នមិនទាន់មានរបាយការណ៍ណាអំពីចំនួនមនុស្សស្លាប់
ឬរងរបួសទេ។

នៅពេល Shan-tung ត្រូវប្រឈមមុខនឹងអគ្គីភ័យ តែនៅតំបន់ផ្សេងៗទៀតរបស់ប្រទេស
ចិនជួបនឹងគ្រោះខ្យល់ព្យុះ លិចទឹក ភ្លឿងទឹកកកដ៏គួរឲ្យខ្លាច។ តាមសិ្ថតិផ្លូវការរបស់
ក្រសួងមហាផ្ទៃចិនបានឲ្យដឹងថាដល់ពេលព្រឹកថ្ងៃទី១៨ខែមេសា យ៉ាងហោច់ណាស់មាន
១៨នាក់ស្លាប់ ហើយ១៥៥នាក់រងរបួស ក្រោយពីព្យុះដែលមានកម្លាំងខ្យល់១៦៤គ.មក្នុង
មួយម៉ោង ព្រមទាំងភ្លឿងទឹកកក នៅតំបន់ខាងត្បូងខេត្ត Kouang Tong ប្រទេសចិន។
រដ្ឋភិបាលខេត្ត Kouang Tong បានស្មានថា ការខូចខាតនូវទ្រព្យសម្បត្តិ អាចកើនឡើង
ប្រហែល ១៤,៧លានដុល្លាអាមេរិច។ កាលពីមុន នាថ្ងៃទី១៥និង១៦ខែមេសា នៅខេត្ត
Kuei-chou ខាងនីរតីប្រទេសចិន ភ្លឿងទឹកកកបានបំផ្លាញ១០ភូមិ នឹងមានផលប៉ះពាល់
ដល់ជិវភាពរបស់ ២៧០.០០០នាក់ ខូចខាតនូវសេដ្ឋកិច្ចដល់ ១១,៥លានដុល្លាអាមេរិច។
(ប្រភព៖ China Daily)
ដោយ៖ មិនា