នារីម្នាក់វ័យ ២៧ឆ្នាំ ធ្វើការឱ្យ Google សាខាក្រុងញូយ៉ក អាមេរិក ដែលបានបាត់ខ្លួន ពេលកំពុងរត់ហាត់ប្រាណ នៅពេលរសៀល ត្រូវបានប្រទះឃើញត្រូវគេរំលោភ និងសម្លាប់ក្នុងព្រៃ។អ្នកផ្ទះរបស់នាង Vanessa Marcotte បានរាយការណ៍ទៅនគរបាលក្រុង Worcester រដ្ឋ Massachusetts អាមេរិក អំពីការបាត់ខ្លួនរបស់នាង នៅពេលនាងចេញទៅក្រៅដើម្បីហាត់ប្រាណ នៅវេលាពីម៉ោង ១ ដល់ម៉ោង ៤ ល្ងាច តែមិនឃើញត្រឡប់មកផ្ទះ។Marcotte គឺជាបុគ្គលិកម្នាក់ កំពុងធ្វើការនៅការិយាល័យ Google សាខាក្រុងញូវយ៉ក។ ហេតុការណ៍បានកើតឡើង ក្នុងអំឡុងពេលនាងមកសួរសុខទូក្ខម្ដាយ នៅក្រុង Worcester។សាកសពរបស់ Marcotte ក្រោយមកត្រូវបាននគរបាលរកឃើញ កាលពីវេលាម៉ោង ៨និង២០នាទីយប់ ថ្ងៃអាទិត្យកន្លងទៅ។ កន្លែងកើតហេតុ មានចម្ងាយប្រហែល ៨០០ម៉ែត្រ ពីផ្ទះរបស់ម្ដាយនាង។សមត្ថកិច្ចមិនទាន់ឱ្យដឹងអំពីមូលហេតុដែលនាំឱ្យនាង Marcotte ស្លាប់នោះទេ ប៉ុន្តែ ការធ្វើកោសលវិច័យលើសាកសពបង្ហាញថា នាងត្រូវបានគេសម្លាប់។ ប្រភពមួយបានបង្ហើបប្រាប់ទំព័រ Fox25 ឱ្យដឹងថា ការស៊ើបអង្កេតដំបូងបង្ហាញថា Marcotte ត្រូវបានគេចាប់រំលោភ សម្លាប់ និងដុតដើម្បីបំបាត់ភ័ស្ដុតាង បណ្ដាលឱ្យដៃ និងជើងរបស់នាង មានស្នាមខ្លោច។
Vanessa Marcotte ថតជាមួយម្ដាយ
បច្ចុប្បន្ន នគរបាលកំពុងតែធ្វើការស៊ើបអង្កេតបន្ថែមចំពោះករណីនេះ។ នគបាលក្រុង Worcester ក៏បានព្រមានដល់ពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន រហូតដល់ជនដៃដល់ត្រូវបានចាប់ខ្លួន។ប្រភពព័ត៌មានឱ្យដឹងថា នាង Marcotte បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Boston ហើយបានធ្វើការឱ្យ Google ជិតពីរឆ្នាំ ក្នុងតួនាទីជាអ្នកគ្រប់គ្រងគណនី។ មុននឹងក្លាយជាបុគ្គលិករបស់ Google នាងក៏ធ្លាប់បានធ្វើការផ្នែកទីផ្សារឱ្យក្រុមហ៊ុន Vistaprint ផងដែរ។Google ដែលជាកន្លែងធ្វើការរបស់ Marcotte បានបញ្ចេញសេចក្ដីប្រកាសមួយ បន្ទាប់ពីបុគ្គលិករបស់ខ្លួន បានបាត់បង់ជីវិត។នៅកន្លែងកើតហេតុសេចក្ដីប្រកាសរបស់ Google បានសរសេរថា ៖ “Vanesssa Marcotte គឺជាបុគ្គលិកម្នាក់ដ៏គួរឱ្យស្រឡាញ់ពេញចិត្តក្នុងក្រុមហ៊ុន Google ។ នាងធ្វើការនៅការិយាល័យក្នុងក្រុងញូវយ៉ក ក្នុងរយៈពេលមួយឆ្នាំកន្លះកន្លងទៅ។ Marcotte ល្បីឈ្មោះជានារីដែលមានស្នាមញញឹមជាប់ជានិច្ច ហើយនាងក៏ជាបុគ្គលិកដែលស្រឡាញ់ការងារ និងស្រឡាញ់វិស័យកីឡា។ យើងខ្ញុំមានការរន្ធត់ និងទុក្ខព្រួយ។ សូមចូលរួមរំលែកទុក្ខជាមួយនឹងគ្រួសារ និងមិត្តភ័ក្ដិរបស់នាង”។
ប្រែសម្រួល ៖ បុត្រា