សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កើតចេញពីថ្ងៃ៧មករា នេះគឺជាការអះអាងរបស់ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានប្រកាសក្នុងមីទ្ទិញរំឭកខួបលើកទី៣៤ នៃទិវាជ័យជម្នះថ្ងៃ៧មករា។ ប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសម្តេចអគ្គមហា ពញាចក្រី ហេង សំរិន បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា បន្តជំរុញរាល់សកម្មភាពដើម្បីការពារ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅឱ្យកាន់តែប្រសើរ ឡើងជានិច្ច។
រូបថត DAP
សម្តេច ហេង សំរិន បានគូសបញ្ជាក់ថា ជ័យជម្នះ៧មករា បាននាំមកនូវសិទ្ធិជាសារវន្តបំផុតរបស់មនុស្សមកជូនប្រជាជន គឺសិទ្ធិមានជីវិតរស់នៅ ហើយផ្តើមចេញពីសិទ្ធិជាសារវន្តនេះហើយ ដែលមានសិទ្ធិទទួលបានចំណីអាហារ ទទួលបានការអប់រំ ទទួលបានការព្យាបាល សិទ្ធិបញ្ចេញមតិ សិទ្ធិបង្កើតគណបក្ស បង្កើតអង្គការ និងសមាគមនានា៘ ហេតុនេះ អ្នកនយោបាយ ក៏ដូចមជ្ឈដ្ឋានទាំងឡាយ គប្បីមើលឱ្យឃើញការពិតនៃការរីកចម្រើន លើកទឹកចិត្តចំពោះលទ្ធផលនៃដំណើរការនេះនៅកម្ពុជា ផ្តល់មតិយោបល់ប្រកបដោយស្មារតីស្ថាបនាពិតប្រាកដ ហើយមិនត្រូវប្រមាថចំពោះអធិបតេយ្យរបស់កម្ពុជា និងតម្លៃដ៏ខ្ពង់ខ្ពស់នៃការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលបានកើតចេញពីឆន្ទៈរបស់ប្រជាជនតាមរយៈការបោះឆ្នោតនោះឡើយ។សូមរំលឹកថា ជ័យជំនះថ្ងៃ ៧មករា ត្រូវបានគណបក្សប្រជាជនកម្ពុជា ចាត់ទុកថាជា ថ្ងៃកំណើរទីពីរ នៃប្រជាជនខ្មែរ ដោយគណបក្សប្រជាជនកម្ពុជា (កាលណោះជា រណសិរ្សរំដោះជាតិ) បានទទួលជោគជ័យក្នុងការរំដោះប្រជាជនចេញពីសេចក្ដីស្លាប់ ក្នុងរបប វាលពិឃាដ ដោយមានការចូលរួមរបស់កងទ័ពវៀតណាម៕
ដោយ ៖ សីហា