បុរសម្នាក់ បានផ្សងគ្រោះថ្នាក់ ដើម្បីឡើងតាមជញ្ជាំងវិមាន Trump នៅក្រុង New York កាលពីថ្ងៃទី ១០សីហា ដើម្បីសំដែងការគាំទ្ររបស់ខ្លួន ចំពោះយុទ្ធនាការឃោសនាបោះឆ្នោតរបស់មហាសេដ្ឋី Donald Trump។យោងតាមទំព័រ New York Daily នគរបាលក្នុងតំបន់ បានចាប់ខ្លួនបុរសម្នាក់ដែលមានអាយុ ២០ឆ្នាំ នៅពេលបុរសនេះផ្សងគ្រោះថ្នាក់ ឡើងលើជញ្ជាំងវិមាន Trump ដោយប្រើឧបករណ៍បឺតកញ្ចក់។ បុរសនេះ មានឈ្មោះថា Steve មកពីរដ្ឋ Virginia អាមេរិក។/អ្នកដើរផ្លូវ បានចាប់ផ្ដើមចាប់អារម្មណ៍ នៅពេលបុរសនេះឡើងដល់ជាន់ទី ៥។ មួយម៉ោងក្រោយមក (ប្រហែលម៉ោង ៤រសៀល) បុរសនេះបន្តឡើងដល់ជាន់ទី ១៦។នគរបាលបានចាប់ឃាត់ខ្លួនបុរសនេះ នៅពេលឡើងដល់ជាន់ទី ២១ នៅវេលាម៉ោងប្រហែល ៦និង៣០នាទីម្សិលមិញ ក្រោយពីបានរកវិធីគ្រប់គ្រងបុរសនេះអស់រយៈពេល៣ម៉ោង រួមមានការបញ្ចុះបញ្ចូលឱ្យឈប់ធ្វើសកម្មភាពចាប់ពីជាន់ទី ៥។ ក្រោយការបញ្ចុះបញ្ចូលមិនបានសម្រេច នគរបាលក៏បានសម្រេចចិត្ត ដោះកញ្ចក់ ដើម្បីឱ្យបុរសនេះ ចូលក្នុងសភាពទ័លច្រក នៅមុនពេលនាំខ្លួនបុរសនេះ ចូលមកក្នុងអាគារ តាមរយៈបង្អួច។មន្ដ្រីម្នាក់ ឱ្យដឹងថា បុរសនេះ ក្រោយមក ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Bellevue ដើម្បីពិនិត្យមើលថា តើមានជម្ងឺវិកលចរឹត ឬអត់។Bill Aubrey អគ្គនាយកនៃការិយាល័យអង្កេតការណ៍នៅ Manhattan ឱ្យដឹងថា ៖ “ការដែលគាត់បានបកស្រាយប្រាប់យើងខ្ញុំនោះគឺថា គាត់ចង់ជួបមហាសេដ្ឋី Trump។ វីដេអូមួយដែលត្រូវបានបុរសនេះ បង្ហោះនៅលើ Youtube កាលពីថ្ងៃទី ៩សីហា បញ្ជាក់ថា បុរសនេះ គឺជាអ្នកស្រាវជ្រាវឯករាជ ចង់ជួបមុខមហាសេដ្ឋី Trump ហើយនេះគឺជាមូលហេតុដែលគាត់ឡើងជញ្ជាំងអាគារដ៏ខ្ពស់នេះ”។/សូមបញ្ជាក់ថាវិមាន Trump មានកំពស់ ៥៨ជាន់ គឺជាអាគាររបស់មហាសេដ្ឋីអចលនទ្រព្យ Donald Trump ដែលជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ។ លោក Donald Trump មិនមានវត្តមាននៅកន្លែងកើតហេតុនោះទេ។ប្រែសម្រួល ៖ តារា