រូបមន្តផ្ទះមួយប្រភេទដែលមានឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់ ត្រូវបានគេដាក់តាំងបង្ហាញនៅអង់គ្លេស ដើម្បីបង្ហាញអំពីវិធីដែលមនុស្សត្រូវរស់នៅលើភពព្រះអង្គារ ក្នុងពេលអនាគត។

/

ផ្ទះដែលបង្ហាញអំពីវិធីរស់នៅលើភពព្រះរបស់មនុស្សនាពេលអនាគតនេះត្រូវបានដាក់តាំងបង្ហាញនៅឯស្ថានិយតារាសាស្ដ្រ Greenwich ក្នុងក្រុងឡុងដ៍ប្រទេសអង់គ្លេស នេះបើតាម International Business Times ចុះផ្សាយកាលពីថ្ងៃទី ១១វិច្ឆិកា។

/

ផ្ទះដែលត្រូវបានរចនាឡើងដោយយោងទៅតាមឯកសាររបស់ក្រុមអ្នកតារាសាស្ដ្រនៅស្ថានិយ តារាសាស្ដ្រ Greenwich និង Stephen Petranek ដែលជាម្ចាស់សៀវភៅ “យើងនឹងរស់នៅលើភពព្រះអង្គារបែបណា?” បានជួយឱ្យយើងមានការយល់ដឹងអំពីដំណោះស្រាយត្រឹមត្រូវដើម្បីទប់ទល់នឹងបរិស្ថានមិនល្អនៅលើភពព្រះអង្គារ។

/

ផ្ទះនេះរូមមានគ្រែជាជាន់តូចមួយ ម៉ាស៊ីនបោះពុម្ភ 3D ម៉ាស៊ីនហាត់ប្រាណ សម្លៀកបំពាក់សម្រាប់អ្នកអវកាស រួមនឹងបណ្ដាឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត។ ជញ្ជាំងផ្ទះនេះ មានកម្រាស់ជាតិ ០,៥ម៉ែត្រ។ ប៉ុន្តែ នៅពេលត្រូវបានសាងសង់នៅភពព្រះអង្គារ ផ្ទះនេះត្រូវការកម្រាស់ប្រហែលពី ៣,៥ទៅ៤,៥ម៉ែត្រ ដើម្បីរារាំងវិទ្យុសកម្មអវកាសនៅលើភពក្រហមនេះ។

/

Stephen Petranek បកស្រាយថា “បរិស្ថាននៅលើភពព្រះអង្គារ មិនសមស្របសម្រាប់មនុស្ស។ ភពនេះមាន អូហ្សូនស្ដើង ដូច្នេះ អ្នកត្រូវតែការពារខ្លួនឯងពីវិទ្យុសកម្មនៅទីនេះ”។

/

យោងតាម Marek Kukala អ្នកតារាវិទ្យានៅស្ថានិយអង្កេតតារា Greenwich បណ្ដាផ្ទះដំបូងៗ អាចនឹងត្រូវបានសាងសង់ឡើងដោយមនុស្សយន្ត ក្រោយមក អ្នកអវកាសពីផែនដីនឹងហោះទៅកាន់ភពព្រះអង្គារ និងបង្ហើយកិច្ចការដែលនៅសល់។

/

Marek Kukala ឱ្យដឹងថថា “យើងខ្ញុំនឹងប្រើប្រាស់ឡើងវិញនូវផ្នែកនានារបស់យានអវកាស នៅពេលទៅកាន់ភពព្រះអង្គារ។ ដោយការប្រើប្រាស់នូវវត្ថុធាតុនៅលើភពព្រះអង្គារ ដូចជាការច្នៃឥដ្ឋពីដី ឬដាំដំណាំជាដើម យើងខ្ញុំអាចកាត់បន្ថយទម្ងន់របស់សម្ភារៈដែលយកទៅតាមខ្លួន”។

/

ប៉ុន្តែ សំណង់ទាំងនោះត្រូវតែរឹងមាំ និងមានសុវត្ថិភាព។ Marek Kukala បន្តថា “នៅពេលរស់នៅក្នុងផ្ទះ អ្នកត្រូវចេះការពារខ្លួន នៅចំពោះមុខគ្រោះថ្នាក់នៅលើភពព្រះអង្គារ”។

/

Marek Kukala និយាយថា គម្រោងនាំមនុស្សទៅកាន់ភពព្រះអង្គារគឺជាគម្រោងវែងឆ្ងាយ ដែលត្រូវការប្រាក់វិនិយោគ និងត្រូវប្ដូរផ្លាស់មនុស្សជាបន្តបន្ទាប់។

Marek Kukala ថ្លែងថា “ខ្ញុំសង្ឃឹមថា នោះមិនមែនជាការធ្វើដំណើរមិនត្រលប់។ អ្នកនឹងត្រូវប្រើប្រាស់ផ្នែកខ្លះរបស់យានអវកាសដើម្បីសាងសង់កន្លែងស្នាក់នៅ។ ប៉ុន្តែ ខ្ញុំសង្ឃឹម និងចង់ឱ្យមានយានអវកាសផ្សេងដើម្បីឱ្យអ្នកអវកាសអាចចាកចេញ បន្ទាប់ពីរស់នៅបានច្រើនឆ្នាំ ហើយមនុស្សនឹងធ្វើដំណើរឡើងចុះ រវាងផែនដី និងភពព្រះអង្គារ”៕

ប្រែសម្រួល ៖ តារាប្រភព ៖ Dailymail