រដ្ឋ​មន្រ្តី​ការ​បរទេស​អាស៊ាន​បាន​បង្ហាញ​នូវ​ការ​ប្តេ​ជ្ញា​ចិត្ត​របស់​ពួក​គេ​ក្នុង​ការ​ជួយ​ និង​គាំ​ទ្រ​ប្រទេស​ជប៉ុន និង​ប្រជា​ជន​ជប៉ុន​ក្នុង​កិច្ច​ប្រឹង​ប្រែង​ស្តារ និង​កសាង​ប្រទេស​​ឡើង​វិញ​បន្ទាប់​ពី​គ្រោះ​រញ្ជូយ​ដី​ និង​រលក​យក្ស​ស៊ូណាមិ​មហា​ប្រល័យ ដែល​បាន​សម្លាប់​មនុស្ស​រាប់​ពាន់​អ្នក និង​ធ្វើ​ឲ្យ​ប្រ​ជា​ជន​រាប់​ម៉ឺន​នាក់​បាត់​ទី​ជម្រក​កាល​ពី​ខែ​មុន។

ពួក​គេ​បាន​និ​យាយ​​ថា ​អាស៊ាន​នឹង​តប​ស្នង​ដល់​​ប្រទេស​ជប៉ុន​វិញ​នូវ​អ្វី​ដែល​ពួក​គេ​ពណ៌​នា​ថា ​​ការ​ឧប​ត្ថម្ភ​ដ៏​សប្បុ​រស​របស់​ជប៉ុន​ចំ​ពោះ​​ការ​អភិវឌ្ឍ​នៃ​ប្រទេស​អាស៊ាន​ទាំង​១០ ក្នុង​ពេល​​កន្លង​មក។

រដ្ឋ​មន្រ្តី​ការ​បរទេស​អាស៊ាន លោក ម៉ារទី ណាតាឡេ​ហ្គា​វ៉ា បាន​មាន​ប្រសាសន៍​ថា សមាជិក​​អា​ស៊ាន​ទាំង​១០ បាន​ជួយ​ជ​ប៉ុន​ជា​លក្ខ​បុគ្គល​ហើយ​ ដូ​ច​ជា​ការ​បញ្ជូន​ថវិ​កា​ និង​ក្រុម​ជួយ​សង្រ្គោះ​ដល់​ប្រទេស​ជប៉ុន​ជា​ដើម។

លោក​ណាតាឡេ​ហ្គា​វ៉ា បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា៖ �​អ្វី​ដែល​យើង​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ គឺ​ពី​របៀប​ដើម្បី​បង្កើត​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​ចំណោម​ស​មា​ជិក​អាស៊ាន។ ដូច្នេះ​អ្វី​ដែល​ជា​ជំនួយ​ជា​ទ្វេ​ភាគី​នោះ ឥឡូវ​នេះពួក​គេ​អាច​បង្កើត​ជា​ការ​ជួយ​ជា​បន្ត​មិន​ដាច់​ និង​ជំនួយ​ថ្នាក់​តំបន់�។

ថ្លែង​ទៅ​កាន់​ពិធី​បើក​កិច្ច​ប្រជុំ​អាស៊ាន​-​ជប៉ុន ដែល​ផ្តួច​ផ្តើម​ដោយ​ឥណ្ឌូនេស៊ី​នៅ​ឯ​លេខា​ធិការ​ដ្ឋាន​អាស៊ាន នៅ​ក្នុង​ក្រុង​ហ្សាការតា កាល​ពី​ថ្ងៃ​សៅរ៍ ទី​៩ មេសា ប្រធានាធិបតី​ លោក ស៊ូស៊ីឡូ ​បាំ​បាំង ​យុ​ទ្ធោ​យ៉ូ​ណូ ក៏​បាន​​លើក​ទឹក​ចិត្ត​ឲ្យ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នេះ និង​សាមគ្គី​ភាព​ដើម្បី​ជួយ​ដល់​ជប៉ុន​។

លោក​បាន​ថ្លែង​​ថា​ អាស៊ី​ភាគ​អាគ្នេយ៍ និង​​ជប៉ុន ដែល​ងាយ​នឹង​រង​គ្រោះ​ដោយ​មហន្តរាយ​ធម្ម​ជាតិ ត្រូវ​តែ​ធ្វើ​កិច្ច​សហ​ប្រតិបត្តិ​ការ​ និង​ពង្រឹង​សាម​គ្គី​ភាព​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក​។

បន្ទាប់​ពី​កិច្ច​ប្រជុំ​រយៈ​ពេល​៤​ម៉ោង​រួច​មក​ លោក​ណាតាឡេ​ហ្គា​វ៉ាបាន​ថ្លែង​ថា ក្រុម​រដ្ឋ​មន្រ្តី​ការ​បរទេស​អាស៊ាន និង​ក្រុម​អ្នក​តំណាង​របស់​ពួក​គេ​ បាន​សម្តែង​ការ​សមាន​ទុក្ខ សាមគ្គី​ភាព និង​ការ​គាំទ្រ​របស់​ពួក​គេ​ចំពោះ​រដ្ឋា​​ភិបាល​ និង​ពល​រដ្ឋ​ជប៉ុន​នៅ​ក្នុង​កិច្ច​ប្រឹង​ប្រែង​ងើប​ឡើង​វិញ និង​ក​សាង​ប្រទេស​ឡើង​វិញ​។

ឯក​អគ្គ​រដ្ឋ​ទូត​សិង្ហបុរី​ទទួល​បន្ទុក​កិច្ច​ការ​រួម លោក​ជីវ តាយ​ស៊ូ បាន​ថ្លែង​ថា​៖�​ខ្ញុំ​អាច​មើល​ឃើញ​ថា រដ្ឋ​មន្រ្តី​​ការ​បរទេស​ជប៉ុន លោក​តាកិ​អាគី ម៉ាត់​ស៊ូ​ម៉ូ​តូ មាន​ការ​ខ្វាយ​ខ្វល់​ជា​​ខ្លាំង​។ ​នៅ​ពេល​ដែល​វាគ្មិន​ម្នាក់​ៗបាន​ថ្លែង​ ខ្ញុំបាន​ឃើញ​លោក យក​កន្សែង​ជូត​ទឹក​ភ្នែក​។ យើង​អាច​សំ​ដែង​សមាន​ទុក្ខ។ ប៉ុន្តែ​មាន​តែ​ពល​រដ្ឋ​ជប៉ុន​ទេ ទើប​ដឹង​ពី​អារម្មណ៍​ក្រៀម​ក្រំ​ពិត​ប្រាកដ�។

រដ្ឋ​មន្រ្តី​ការ​បរទេស​ហ្វីលីពីន លោក អាល់​បឺត រ៉ូ​សា​រីយ៉ូ ​ថ្លែង​ថា លោក ជឿ​ថា ជប៉ុន �​នឹង​ងើប​ឡើង​ ហើយ​អាស៊ាន នឹង​ងើប​ជា​មួយ​នឹង​​ជប៉ុន​​ផង​ដែរ​�​។

អគ្គលេខា​ធិការ​​អាស៊ាន ​លោក សូរិន្ទ ពិតសុវណ្ណ បាន​និយាយ​ថា វា​ដល់​ពេល​ដែល​​បណ្តា​ប្រទេស​នៅ​អាស៊ាន​តប​ស្នង​វិញ​នូវ​អ្វី​ដែល​ជប៉ុន បាន​ជួយ​ក្នុង​ការ​អភិវឌ្ឍ​នៅ​​ក្នុង​ប្លុក​នេះ
(ប្រភព៖ ភ្នំពេញប៉ុស្តិ៍)