ភ្នំពេញ ៖ នារី២នាក់ ត្រូវក្រុមចោរប្លន់ ប្រដាប់អាវុធ២ពីរនាក់ បានធ្វើសកម្មភាព វាយនិងយកកាំភ្លើង ភ្ជុងប្លន់យក ម៉ូតូម៉ាកនិចមួយគ្រឿង ហើយគេចខ្លួន ដោយសុវិត្ថិភាព កាលពីវេលាម៉ោង ២០និង២០នាទីថ្ងៃទី២០ ខែវិច្ចិកា ឆ្នាំ២០១៣ ត្រង់ចំណុចមុខវិទ្យាស្ថាន អាម៉េរិកកាំងប្រ៊ិជ តាមបណ្ដោយផ្លូវជាតិលេខ៥ កែងនិងផ្លូវសាលាដែក ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
តាមសាក្សីនៅកន្លែង កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនារី២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1BS-3704 ធ្វើដំណើរតាមបណ្ដោយ ផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូង ទៅជើង ហើយបត់ចូលផ្លូវសាលាដែក ស្រាប់តែមានក្រុមចោរប្លន់ប្រដាប់អាវុធ២នាក់ ជិះម៉ូតូមួយ គ្រឿងម៉ាក សង់សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានជិះមកក្បែរហើយគៀរ ឲ្យឈប់ បន្ទាប់មកក៏វាយនារី ដែលជាអ្នកបើកបរ ឲ្យធ្លាក់ពី លើម៉ូតូរួចដកកាំភ្លើង ខ្លីមួយដើម មកភ្ជុង ហើយឡើងជិះម៉ូតូនារី រងគ្រោះគេចខ្លួនបាត់ ដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុ ជនរង គ្រោះទាំងពីរនាក់ បានមកដាក់ពាក្យ បណ្ដឹងនៅនគរបាល ខណ្ឌឫស្សីកែវ ដើម្បីងាយ ស្រួលនិងសមត្ថកិច្ច កំណត់មុខសញ្ញា តាមចាប់ក្រុមចោរប្លន់ ប្រដាប់អាវុធខាងលើ មកផ្តន្ទាទោសតាមច្បាប់ ៕



ផ្តល់សិទ្ធិដោយ៖ ដើមអំពិល