ផ្នូរ​បុរាណ​ចំឡែក​មួយ​ត្រូវ​បាន​អ្នក​បុរាណ​វិទូ​រក​ឃើញ​ ហើយ​​ផ្នូរ​នេះបាន​កប់​នូវ​មនុស្ស​បុរាណ​ខ្ទើយ​​​ដំបូង​គេ​បំផុ​ត​​ក្នុង​លោក​។ ឆ្អឹង​មនុស្ស​ដែល​រស់​នៅ​ក្នុង​រូង​ភ្នំ​​​បុរាណ​នេះ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្រៅ​ទី​ក្រុ​ង ប្រាក នៃ​សាធារណរដ្ឋ​ឆែក​។ អ្នក​បុរាណ​វិទូទាំង​នោះ​បាន​សន្និដ្ឋាន​ថា ​ឆ្អឹង​នេះ ជា​ឆ្អឹង​មនុស្ស​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​។

កំឡុង​ពេល​នៃ​យុគ​លោ​ហៈ​កាល​ពី​​ ៥០០០​ឆ្នាំមុន​ បុរស​ដែល​ស្លាប់​ត្រូ​វបាន​គេ​កប់​ដោយ​ដាក់​ក្បាល​ទៅ​ទិស​ខាងលិច​ ហើយ​មាន​អាវុធ និង​កាំ​បិត​កប់​ជាមួយ​ផង​ដែរ​។ ប៉ុន្ដែ​បុរាណ​វិទូ​របស់​សាធារណ​រដ្ឋ​ឆែក​ បាន​និយាយ​ថា ឆ្អឹង​ដែល​គេ​ប្រទះ​ឃើញ​លើក​នេះ គឺ​ខុស​ប្លែក​ពីលើកណា​ទាំង​អស់​ ព្រោះ​សាក​សព​ត្រូវ​បាន​គេ
បែរ​ក្បាល​ទៅ​ខាង​កើត​ ដោយ​កប់​ជា​មួយ​នឹង​សម្ភារៈ​ក្នុង​ផ្ទះ​មួយ​ចំនួន​ដូច​ជា​ ផ្ដិល​ទឹក ឆ្នាំង​បាយ ​និង​​​សម្ភារៈ​មួយ​ចំនួន​ទៀត ដែល​ស្ទើ​រ​តែ​ទាំង​អស់​នៃ​សម្ភារៈ​ទាំង​នោះ ​គឺ​ដូច​ទៅ​នឹង​អ្វី​ដែល​គេ​បញ្ចុះ​ជា​មួយ​សព​មនុស្ស​ស្រី​ក្នុង​តំបន់​នេះ​នា​ពេល​នោះ​។

បុរាណ​វិទូ​ម្នាក់​ឈ្មោះ Kamila Remisova Vesinova បាន​ប្រាប់​សារព័ត៌​មាន​ថា យោង​តាម​ប្រ​វត្តិ​សាស្រ្ដ​ បាន​ឲ្យ​យើង​ដឹង​ថា​មនុស្ស​នៅ​សម័យ​នោះ​ មាន​ការ​បញ្ចុះ​សព​តឹង​តែ​ង​ និង​ម៉ត់​ចត់​​ណាស់​ ដូច្នេះ​វាពិត​ជា​​មិន​អាច​មាន​កំ​ហុស​កើត​ឡើង​ការ​កំណត់​ទី​តាំង​សាក​សព​​បានទេ​។ ដូច្នេះ​វា​ពិត​ជា​ត្រឹម​ត្រូវ​ណាស់​ ដែល​យើង​សន្និដ្ឋាន​បាន​ថា ឆ្អឹង​ដែល​គេ​ប្រ​ទះឃើញ​ពេល​នេះ ជា​ឆ្អឹង​របស់​បុរស​ដែល​ស្រ​ឡាញ់​បុរស​ដូច​គ្នា ឬ​បុរស​ដែល​ស្រឡាញ់​បាន​ទាំង​ពីរភេទ គឺ​ស្រី​ក៏​បាន​ប្រុស​ក៏បាន ដែល​ភាសា​សាមញ្ញ​ហៅ​ថា​ខ្ទើយ​នោះ​។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដែល​ជា​បុរាណ​វិទូក្រុម​ដដែល​នេះ ក៏​បាន​ថ្លែង​ទៀត​ថា ពួក​គេ​ធ្លាប់​បាន​ឃើញ​ផ្នូរ​របស់​ស្រ្ដី​ដែល​ជា​មេ​កន្រ្ទាញ​ ត្រូវ​បាន​គេ​បញ្ចុះ​ជា​មួ​យ​នឹង​សម្ភារៈ​មនុស្ស​ប្រុស​ ដូច​ជា​អាវុធ​ជា​ដើម ប៉ុន្ដែ​មិន​ដែល​ប្រ​ទះ​ឃើញ​ផ្នូរ​របស់​បុរស​ដែល​​បញ្ចុះ​តាម​របៀប​ស្រ្ដី​ដូច្នេះ​ឡើយ​។​ បុរាណ​វិទូ​ម្នាក់​ទៀត គឺ​ Katerian Semradova បាន​ប្រាប់​ថា របក​គំហើញ​នេះ គឺ​ជា​របក​គំហើញ​មួយ​ដ៏​ថ្មី​បំផុត​ ដោយ​សារ​តែ​​អាច​រក​ឃើញ​ផ្នូរ​របស់​មនុស្ស​ភេទទី​៣​សម័យ​បុរាណ​​។

អ្នក​បុរាណ​វិទូ​ក៏​បាន​រក​ឃើញ​ឆ្នាំ​ង​រាង​មូល​មួយ​នៅ​ជិត​សា​ក​សព​បុរស​ខ្ទើយ​ម្នាក់​នេះផង​ដែរ ដែល​វា​ជា​វត្ថុ​ដែល​គេ​តែ​ង​តែ​បញ្ចុះ​ជា​មួយ​ស្រ្ដី​។
(ប្រភព: Khmersakira)