ភ្នំពេញៈ ចាងហ្វាងកាសែត «ភាពជាដៃគូ» លោក ឈឹម វុត្ថា ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួន បន្ទាប់ពីផឹកស្រា ស្រវឹងឡើងធ្លាក់ភ្នែក បើករថយន្តបុករណាំងដែកចែកទ្រូងផ្លូវ បាក់១១ផ្ទាំង តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី នៅ មុខផ្ទះលេខ៥៤ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង ១០ និង១០នាទីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ ២០១៣។
មន្រ្តីនគរបាលចរាចរណ៍ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោក ឈឹម វុត្ថា អាយុ ៤១ឆ្នាំ ចាងហ្វាងកាសែត «ភាពជាដៃគូ» ស្នាក់នៅផ្ទះលេខ ១១៤ឌ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានស្រវឹងធ្លាក់ភ្នែក មានជាតិ អាល់កុលរហូតដល់ ១.១៥មិល្លីក្រាម ក្នុងមួយលីត្រខ្យល់។
មន្រ្តីនគរបាលដដែលនេះ បានបន្តថា ចាងហ្វាងកាសែត ដែលមិនសូវឮឈ្មោះរូបនេះ បានបើករថយន្តម៉ាក HON DA ACCORD ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2T-7114 ក្នុងទិសដៅពីកើតទៅលិច តាមបណ្តោយមាហាវិថី សហព័ន្ធ ក្នុងសភាពរេចុះរេឡើង លុះដល់ចំណុចកើតហេតុបានជ្រុលទៅបុក រណាំងដែកចែកទ្រូងផ្លូវបាក់រហូត ១៥ផ្ទាំង។ ក្រោយបង្កហេតុហើយ លោកចាងហ្វាងកាសែត មិនបានបញ្ឈប់រថយន្តនោះទេ បានព្យាយាមបើករថ យន្តគេចខ្លួន ទាំងរថយន្តបែកកង់ រហូតដល់ផ្លូវលេខ ៥៥៥ ជិតផ្ទះរបស់ខ្លួន ទើបសមត្ថកិច្ចស្ទាក់ និងឃាត់ខ្លួន បាន។
ក្រោយឃាត់ខ្លួនលោកចាងហ្វាង ឈឹម វុត្ថា រួមនិងរថយន្ត ដែលរងការខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរនោះ ត្រូវបាន កម្លាំងនគរបាលនាំយកទៅការិយាល័យ នគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង បន្ត៕




ផ្តល់សិទ្ធិដោយ៖ ដើមអំពិល