ព្រះចន្ទសព្វថ្ងៃ អាចកើតឡើងពីការរួមបញ្ចូលគ្នារវាងព្រះចន្ទតូចៗចំនួន ២០ ផ្សេងគ្នា ក្រោយពីកូនភពទាំងឡាយហោះមកបុកផែនដី កាលពីយុគសម័យដំបូង។

ព្រះចន្ទដែលយើងមើលឃើញសព្វថ្ងៃ មិនមែនជាភពរណបដំបូងរបស់ផែនដីនោះទេ ប៉ុន្តែ វាអាចកើតឡើងដោយសារការហោះបុកគ្នា និងរួមបញ្ចូលគ្នារវាងអាចម៍ផ្កាយនានា នេះបើតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវ ដែលត្រូវបានប្រកាសនៅលើទស្សនាវដ្ដី Nature Geoscience។

/

ការកកើតរបស់ព្រះចន្ទ គឺជាសំនួរមួយដែលរហូតមកដល់ពេលនេះ មិនទាន់មានចម្លើយ។ សម្មតិកម្មធំបំផុតត្រូវបានគេលើកឡើងកាលពីអំឡុងទសវត្សរ៍ ១៩៧០ ត្រូវបានគេហៅថា ការប៉ះទង្គិចធំ (Giant Impact) នេះបើតាមទំព័រ Telegraph។ សម្មតិកម្មនេះយល់ថា ភព Theia មានទំហំប៉ុនភពព្រះអង្គារ ហោះមកបុកផែនដី កាលពី ៤,៣១ពាន់លានឆ្នាំមុន បង្កបានជាពពកដ៏ធំមួយ ដែលមានផ្ទុកបំណែករាប់មិនអស់របស់ភព Theia ក្នុងអវកាស។ ក្រោយមក បំណែកទាំងនោះ បានប្រមូលផ្ដុំគ្នា បង្កើតបានជាព្រះចន្ទសព្វថ្ងៃ។

ប៉ុន្តែ មានបញ្ហាចោទជាច្រើនជុំវិញសម្មតិកម្មខាងលើ។ ក្រោយពីវិភាគទៅលើថ្មរបស់ព្រះចន្ទ ដែលត្រូវបានអ្នកអវកាសនាំយកមកកាន់ផែនដី ក្រុមអ្នកវិទ្យាសាស្ដ្ររកឃើញថា ថ្មព្រះចន្ទ មានលក្ខណៈដូចថ្មនៅលើផែនដី។ ពោលគឺ មិនមានសញ្ញាណាបង្ហាញថា ភព Theia ហោះមកបុកផែនដីនោះទេ។

ក្រុមអ្នកវិទ្យាសាស្ដ្ររបស់ អ៊ីស្រាអែល បានលើកឡើងនូវសម្មតិកម្មថ្មី បន្ទាប់ពីធ្វើការវិភាគនៅលើកុំព្យូទ័រ ស្ដីអំពីការប៉ះទង្គិចជាមួយផែនដី។ ពួកគេរកឃើញថា បើសិនផែនដីត្រូវអាចម៍ផ្កាយដែលមានទំហំតូចជាភព Theia ហោះមកបុក ព្រះចន្ទតូចៗប្រហែល២០ នឹងកើតឡើងពីបំណែករបស់ផែនដី ហើយវារួមបញ្ចូលគ្នា ទៅតាមពេលវេលា។ ក្រៅពីនេះ ការប៉ះទង្គិចខ្នាតតូចល្បឿនលឿននឹងធ្វើឱ្យបំណែកតូចៗរបស់ផែនដីត្រូវខ្ទាតចេញមកក្រៅច្រើនជាងការប៉ះទង្គិចធំៗ។

/

Hagai Perets សមាជិកម្នាក់របស់ក្រុមអ្នកវិទ្យាសាស្ដ្រខាងលើនិយាយថា ៖ “តាមការរកឃើញរបស់យើងខ្ញុំ ផែនដីកាលពីមុន មានព្រះចន្ទច្រើន។ ព្រះចន្ទនិមួយៗ កើតឡើងដោយសារការប៉ះទង្គិចមួយផ្សេងៗគ្នា រវាងកូនភព និងផែនដី”៕

ប្រែសម្រួល ៖ តារាប្រភព ៖ space