រូបភាពថ្មីបំផុតដែលយានអវកាស New Horizons បានបញ្ជូនមកផែនដី បានបង្ហាញថា កូនភពភ្លុយតុង នៅមានអាយុតិចនៅឡើយ ៖ បណ្ដាទន្លេទឹកកក កំពុងតែហូរនៅលើផ្ទៃនៃកូនភពនេះ។

តំបន់ដែលមានរាងបេះដូង គឺជាទីប្រជុំនៃផ្ទាំងទឹកកក
ការពិនិត្យទៅលើរូបភាព មានកម្រិនរីសូលូសឹនខ្ពស់ ដែលយានអវកាស New Horizons បញ្ជូនមកកាន់ផែនដីកាលពីថ្ងៃទី ២៤កក្កដាក្រុមអ្នកវិទ្យាសាស្ដ្រ បានរកឃើញបណ្ដាទន្លេទឹកកក កំពុងហូរនៅលើផ្ទៃខាងលើនៃកូនភពភ្លុយតុង រួមនឹងស្រទាប់បរិយាកាសក្រាស និងទឹកភ្លៀងដែលមានសមាសធាតុសរីរាង្គផងដែរ។
បណ្ដារូបភាពថ្មីបំផុតទាំងនោះ ភាគច្រើនផ្ដោតទៅលើតំបន់ដែលមានឈ្មោះថា Rombaugh Regio នៅលើកូនភពភ្លុយតុង។ នេះគឺជាតំបន់ដែលមានសណ្ឋានដីប្លែកៗពីគ្នា ដោយនៅចំកណ្ដាលមានសភាពរាបស្មើ ចំណែកនៅជាយៗតំបន់នេះ គឺជាខ្ពង់រាប។
ភាគខាងលិចនៃតំបន់ Rombaugh Regio មានជួរភ្នំទឹកកក ដែលមានចង្កេះចោតជ្រៅ។ ភាគខាងជើង គឺជាវាលទឹកកកដ៏ធំ មានឈ្មោះថា Sputnik Planum ដែលនៅទីនេះ មានទន្លេទឹកកកអាហ្សូត។ នៅទិសខាងត្បុង ផ្ទាំងទឺកកកទាំងឡាយ តែងតែហូរជុំវិញជួរភ្នំ Edmund Hillary និង Tenzing Norgay ហើយក្រោយមក វាប្រមូលផ្ដុំគ្នា នៅទីកន្លែងដែលមានរណ្ដៅធំៗ។
McKinnon មកពីសកលវិទ្យាល័យ វ៉ាស៊ិញតោន អាមេរិក ឱ្យដឹងថា ផ្ទាំងទឹកកកអាហ្សូត ឬកាបូនម៉ូនូអុកស៊ីត និងផ្ទៃទឹកកកមេតានជាដើមគឺសុទ្ធតែមានសភាពទន់ ងាយនឹងកាច់កោង។ វាហូរដូចទៅនឹងទន្លេទឹកកកនៅលើផែនដីដូច្នោះដែរ។

សមុទ្រទឹកកក នៅក្នុងបំបន់ដែលមានរាងជាបេះដូង
យានអវកាស New Horizons ក៏ប្រមូលបានទិន្នន័យជាច្រើនទាក់ទិននឹងបរិយាកាសនៃកូនភពភ្លុយតុង។ ទិន្នន័យថ្មីនេះ បង្ហាញថាបរិយាកាសរបស់កូនភពនេះ បានបាត់បង់អស់ចំនួនពាក់កណ្ដាលក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ។ ប្រការនេះបញ្ជាក់ថា មានប្រការដ៏ធំអ្វីមួយ កំពុងធ្វើឱ្យមានការប្ដូរផ្លាស់នេះ។
ផ្ទៃមេឃរបស់កូនភពភ្លុយតុង ត្រូវបានគ្របដណ្ដប់ដោយស្រទាប់សន្សើម កើតឡើងពីសមាសធាតុល្អិតៗ ដែលហោះអណ្ដែតនៅលើកំពស់ ១៦០គីឡូម៉ែត្រ ក្រោយមកវាក៏ធ្លាក់មកលើផ្ទៃដីវិញ។ ស្រទាប់សន្សើមនេះ រួមចំណែកធ្វើឱ្យកូនភពនេះ មានពណ៌ក្រហម។
Michael Summers មកពីសកលវិទ្យាល័យ George Mason ថ្លែងថា ស្រទាប់សន្សើមនេះ មានសភាពធំធេង ហើយវាកើតឡើងនៅក្នុងបរិយាកាសខ្ពស់ នេះគឺជាអាថ៌កំបាំងដែលយើងនឹងត្រូវស្វែងយល់ឱ្យបានច្បាស់។
Anlen Stern អគ្គនាយកនៃគម្រោង New Horizons ឱ្យដឹងថា កូនភពភ្លុយតុង មានប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍ ហើយយើងនៅមានប្រការជាច្រើនផ្សេងទៀតត្រូវធ្វើ ដើម្បីស្វែងយល់នូវចំនុចស្មុកស្មាញនេះ៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ mashable