ស្មាតហ្វូនដំបូងដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិ Android One (ជាប្រព័ន្ធប្រតិបត្តិមួយ ដែលត្រូវបានអភិវឌ្ឍឡើង សម្រាប់ទីផ្សារទូរស័ព្ទតម្លៃទាប ដូចជាក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍជាដើម) ទើបត្រូវបានក្រុមហ៊ុន Google ឧទ្ទេសនាម នៅឥណ្ឌា។

/

ក្រុមហ៊ុន Google បានសហការណ៍ជាមួយក្រុមហ៊ុនផលិតស្មាតហ្វូនចំនួន ៣ របស់ប្រទេសឥណ្ឌា រួមមាន Micromax, Spice និង Karbonn ដើម្បីបង្កើតស្មាតហ្វូន ដំណើរការដោយប្រព័ន្ធប្រតិបត្តិ Android One ដែលមានតម្លៃប្រហែល ១០០ ទៅ ១១៥ ដុល្លារអាមេរិក ប៉ុន្ដែ វាប្រើប្រាស់គ្រឿងម៉ាស៊ីនលំដាប់ល្អគួរសម ដូចជាអេក្រង់ 4,5 inch, RAM 1GB, កាមេរ៉ា ក្រោយ 5 MP និងកាមេរ៉ាមុខ 2 MP , ប្រូសេសឺរ quad core 1.3 GHz របស់ MediaTek, ប្រើស៊ីម ២ និងរន្ធ microSD ។

/

ស្មាតហ្វូន ប្រើ Android One នេះ មានច្រើនភាសា និងមានមុខងារជាច្រើន សម្រាប់ទីផ្សារក្នុងស្រុក (ឥណ្ឌា)។ Google ក៏បានបំពាក់កំណែ YouTube ពិសេស អនុញ្ញាតឱ្យទាញយកវីដេអូ ដើម្បីអាចមើលបានតាមចិត្ត បំណងកាត់បន្ថយប្រាក់ចំណាយទៅលើអ៊ីនធឺរណែត។

ស្មាតហ្វូនដំបូងដែលដំណើរការដោយប្រព័ន្ធ Android One នេះ នឹងត្រូវបានដាក់លក់ ក្នុងតម្លៃប្រហែលទាបជាង ១១៥ ដុល្លារអាមេរិក ប៉ុណ្ណោះ។

/

ដូចទៅនឹងបណ្ដាស្មាតហ្វូន Nexus លំដាប់ខ្ពស់ ទូរស័ព្ទឆ្លាតវៃ Android One តម្លៃទាប ក៏នឹង តែងតែទទួលបានការគាំទ្រដោយយកចិត្តទុកដាក់បំផុតពី Google ក្នុងការបន្ទាន់សម័យនូវប្រព័ន្ធដំណើរការថ្មី។ ប្រការនេះ នឹងជួយឱ្យបណ្ដាស្មាតហ្វូនតម្លៃទាប អាចប្រើប្រាស់សេវាកម្ម និងមុខងារថ្មីៗរបស់ Google ។

បន្ទាប់ពី ឥណ្ឌា ក្នុងឆ្នាំនេះ Google ក៏នឹងចែកចាយ ស្មាតហ្វូន Android One តម្លៃទាបនេះ ទៅកាន់បណ្ដាទីផ្សារកំពុងអភិវឌ្ឍ ដូចជា នៅក្នុងតំបន់ អាស៊ី ដែលក្នុងនោះ មាន ឥណ្ឌូនេស៊ីហ្វីលីពីន ប្រទេសប៉ាគីស្ថាន ប្រទេសស្រីលង្កា បង់ក្លាដែស និងប្រទេសនេប៉ាល់ ជាដើម។ល។

/

Google ក៏បានឱ្យដឹងថា បណ្ដាក្រុមហ៊ុនផលិតស្មាតហ្វូនធំៗ ដូចជាក្រុម​ហ៊ុន HTC, Asus, Acer,Panasonic, Lenovo រួមនឹងក្រុមហ៊ុនផលិត ឈីប Qualcomm ក៏នឹងចូលរួមក្នុងគម្រោង Android One របស់ Google ។ ដូច្នេះ គេសង្ឃឹមថា ស្មាតហ្វូនតម្លៃទាប (១០០ ដុល្លារអាមេរិក) នឹងមានវត្តមាននៅគ្រប់ទីផ្សារ ក្នុងពិភពលោក ពិសេសគឺបណ្ដាប្រទេសក្រីក្រ ដែលពលរដ្ឋមានប្រាក់ចំណូលទាប៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ phonearena