ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បាននិយាយ កាលពីថ្ងៃអង្គារថា លោក មិនញញឺតនឹងពាក្យគំរាមថា នឹងប្ដឹងរូបលោក ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ឡើយ ដោយលោកបានបញ្ជាក់ថា  លោកស្ម័គ្រចិត្ដនឹងរងការបានចោទប្រកាន់ និងផ្ដន្ទាទោស ប្រសិនបើវា ជាការការពារផលប្រយោជន៍របស់ប្រជាជនហ្វីលីពីន។

លោក Duterte បានថ្លែងនៅក្នុងសុន្ទរកថា នៅឯវិមានប្រធានាធិបតីម៉ាលីណានថា៖ កុំបារម្ភអំពីខ្ញុំអ្វី ខ្ញុំអាចប្រឈមមុខនឹងតុលាការ ICC។ ប្រសិនបើតុលាការនេះ ចង់ចោទប្រកាន់ និងផ្តន្ទាទោសខ្ញុំ ខ្ញុំក៏ស្ម័គ្រចិត្ដ។ ខ្ញុំនឹងទទួលទោសដើម្បីប្រទេសរបស់ខ្ញុំ។

/

សេចក្តីថ្លែងការណ៍របស់លោក Duterte បានធ្វើឡើងក្រោយពីតុលាការ ICC ចាត់វិធានការចុះត្រួតពិនិត្យ បឋមលើយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់លោក Duterte ចំពេលមានការចោទប្រកាន់ថា ប៉ូលិសបានប្រើមធ្យោបាយក្រៅប្រព័ន្ធតុលាការដើម្បីសម្លាប់ជនសង្ស័យគ្រឿងញៀន។ ទោះបីជាយ៉ាងណាក៏ដោយ លោក Duterte បាននិយាយថា លោកនៅតែស្មោះត្រង់នឹងប្រជាជន និងបាវចនាជាតិ ដែលលោកបានតាំងចិត្តស្មោះត្រង់ បន្ទាប់ពីលោកបានជាប់ឆ្នោតជាប្រធានាធិបតី ក្នុងឆ្នាំ ២០១៦ ។

សូមជម្រាបជូនផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានប្រកាសសេចក្ដីសម្រេចរបស់ខ្លួនដើម្បីបើកការត្រួតពិនិត្យបឋមចូលទៅក្នុងការចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស ដែលបានប្រព្រឹត្តនៅក្នុងប្រទេសហ្វីលីពីន ក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក Rodrigo Duterte និងគណបក្សនយោបាយរបស់លោក ចាប់តាំងពីថ្ងៃទី ០១ ខែកក្កដាឆ្នាំ ២០១៦ ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ xinhua