ថៃ ៖ ក្រសួងការបរទេសថៃ បានលុបចោលលិខិតឆ្លងដែនទាំងបួន ដែលគេដឹងថា ត្រូវបានកាន់កាប់ដោយលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី ដែលរត់គេចខ្លួនរូបនេះ បានបរាជ័យក្នុងការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្ដីសម្រេចផ្ដន្ទាទោសលោកស្រី ក្នុងរយៈពេល ៣០ ថ្ងៃ។ ការលុបចោលលិខិតឆ្លងដែននេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប៉ូលីសដើម្បីនាំខ្លួនអតីតនាយករដ្ឋមន្ត្រីរូបនេះមកទទួលទោសតាមសេចក្ដីសម្រេចរបស់តុលាការជាធរមាន ក្រោយពីការកាត់ក្តីរបស់លោកស្រី លើគម្រោងសន្យាទិញស្រូវរបស់រដ្ឋាភិបាល លោកស្រី។
អ្នកនាំពាក្យក្រសួងការបរទេសលោក Busadee Santipitaks កាលពីថ្ងៃចន្ទ បានធ្វើការបញ្ជាក់ពីការដកហូតលិខិតឆ្លងដែនរបស់អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ។ ព័ត៌មានលម្អិតនៃការសម្រេចចិត្តនេះ ត្រូវបានបញ្ចេញមុននេះបន្ដិច ដោយអគ្គមេបញ្ជាការរងនគរបាល លោក Srivara Ransibrahmanakul ។ លោកអគ្គមេបញ្ជាការងលោក Srivara បាននិយាយថា ក្រសួងបានលុបចោលលិខិតឆ្លងដែនចំនួន ៤ ដែលជាកម្មសិទ្ធិរបស់អតីតនាយករដ្ឋមន្ត្រី ដែលរត់គេចខ្លួននេះ។ លោក បានបន្ថែមថា ក្នុងនោះ មានលិខិតឆ្លងដែនការទូតចំនួនពីរ និងលិខិតឆ្លងដែនធម្មតាចំនួនពីរ។ ការសម្រេចចិត្តរបស់ក្រសួងខាងលើ គឺធ្វើឡើងតាមការស្នើសុំរបស់នគរបាល ដែលកំពុងព្យាយាមកំណត់សមត្ថភាពធ្វើដំណើររបស់លោកស្រី និងដាក់សម្ពាធលើលោកស្រីឱ្យវិលត្រឡប់មកទទួលទោសរបស់ខ្លួនវិញ។ នគរបាល បានដាក់សំណើឱ្យដកហូតលិខិតឆ្លងដែនរបស់លោកស្រី យីងឡាក់ បន្ទាប់ពីលោកស្រី បរាជ័យក្នុងការប្តឹងឧទ្ធរណ៍ទៅសភានៃតុលាការកំពូល ក្នុងរយៈពេល ៣០ ថ្ងៃក្រោយពីនាយកដ្ឋានឧក្រិដ្ឋកម្មនៃតុលាការជាន់ខ្ពស់ ទទួលបន្ទុកដោះស្រាយរឿងក្ដីអ្នកនយោបាយ បានចេញសេចក្ដីសម្រេចផ្ដន្ទាទោសលោកស្រី ។ តុលាការ បានផ្តន្ទាទោសលោកស្រី កាលពីថ្ងៃទី ២៧ ខែកញ្ញាឱ្យជាប់ពន្ធនាគារ ៥ ឆ្នាំដោយសារតែលោកស្រី បរាជ័យក្នុងការបញ្ឈប់ការលក់ស្រូវអង្ករខុសច្បាប់ និងពុករលួយរបស់រដ្ឋាភិបាល ក្រោមគម្រោងនេះ។ សេចក្តីសម្រេចនេះ ត្រូវបានធ្វើឡើង ដោយកំបាំងមុខ នៅពេលដែលលោកស្រី យីងឡាក់ បានភៀសខ្លួនចេញពីប្រទេស មុនការវិនិច្ឆ័យក្ដីរបស់តុលាការ។ កាលបរិច្ឆេទកំណត់សម្រាប់អតីតនាយករដ្ឋមន្ត្រី ក្នុងការបណ្តឹងឧទ្ធរណ៍ បានផុតកំណត់ កាលពីថ្ងៃសុក្រ។ មេធាវីរបស់លោកស្រី យីងឡាក់ លោក Norawit Lalaeng កាលពីពេលមុនបាននិយាយថា អតីតនាយករដ្ឋមន្ត្រី មិនបានទាក់ទងមករូបលោកនោះទេ ចាប់តាំងពីលោកស្រីបរាជ័យក្នុងការចូលរួមសវនាការស្តាប់សាលក្រមរបស់តុលាការ កាលពីថ្ងៃទី ២៥ ខែសីហា។ តុលាការបានពន្យារពេលប្រកាសសេចក្តីសម្រេច មកថ្ងៃទី ២៧ ខែកញ្ញាវិញ ប៉ុន្ដែលោកស្រី នៅតែគ្មានវត្ដមានចូលរួមដដែល។ កន្លែងលាក់ខ្លួនរបស់លោកស្រី នៅតែមិនទាន់ត្រូវបានបញ្ជាក់នៅឡើយ ហើយនគរបាលថៃ បានសុំជំនួយពីប៉ូលិសអន្តរជាតិ ក្នុងបំណងដើម្បីកំណត់ទីតាំងលាក់ខ្លួនរបស់លោកស្រី។
លោកស្រី យីងឡាក់ បានភៀសខ្លួនទៅកាន់ទីក្រុងឌូបៃ មុនពេលធ្វើដំណើរទៅទីក្រុងឡុងដ៍ជាកន្លែង ដែលលោកស្រីត្រូវបានគេជឿថា បានស្វែងរកសិទ្ធិជ្រកកោននយោបាយនៅទីនោះ។
នៅពេលដែលកាសែតបាងកកប៉ុស្តិ៍ ស្នើសុំឱ្យធ្វើអត្ថាធិប្បាយនោះ ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំប្រទេសថៃ លោក Brian Davidson បាននិយាយថា៖ ខ្ញុំមិនបានដឹងរឿងនេះទេហើយខ្ញុំពុំមានយោបល់អ្វីនោះទេ តែទោះជាយ៉ាងណា រដ្ឋាភិបាលថៃ មានអំណាចលើលិខិតឆ្លងដែនរបស់ជនជាតិថៃគ្រប់រូប”។
លោកក៏បានបដិសេធផងដែរចំពោះការដឹងអំពីកន្លែងស្នាក់នៅរបស់លោកស្រី យីងឡាក់ ។ លោក Somkid Chuakong អតីតអ្នកតំណាងគណបក្សភឿថៃ លោក Ubon Ratchathani បាននិយាយថា លោកយល់ថាលិខិតឆ្លងដែនត្រូវបានដកហូតតាមបទបញ្ជា ប៉ុន្តែលោកគិតថា វានឹងមិនប៉ះពាល់ដល់គណបក្សភឿថៃទេ នៅពេលលោកស្រី យីងឡាក់ ប្រហែលជាមិនធ្វើដំណើរក្នុងអំឡុងពេលនេះ នោះទេ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Bangkokpost