ភ្នំពេញ ៖ ដោយទឹកចិត្តគោរព ស្រឡាញ់ និងតបស្នងនូវ គុណូបការៈ ដ៏ធំធេងរបស់អង្គព្រះមហាវីរក្សត្រ ព្រះបាទ សម្តេច នរោត្តម សីហនុ នោះ ក្រុមនិស្សិតខ្មែរមួយក្រុម ដែលកំពុងតែសិស្សានៅទីក្រុងសៀងហៃ ប្រទេសចិន កាលពីថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១២ បានជួបជុំគ្នាដើម្បីសម្តែងនូវព្រះរាជមរណទុក្ខដ៏ក្រៀមក្រំ និង គោរពព្រះវិញ្ញាណក្ខន្ធអង្គព្រះមហាវីរក្សត្រ ។

ពីទីក្រុងសៀងហៃ តាមរយៈរយៈលិខិតរំលែកព្រះរាជមរណទុក្ខក្រុមនិស្សិតមួយក្រុមនេះ បានសម្តែង នូវអារម្មណ៍របស់ខ្លួនថា «ទួលព្រះបង្គជានិស្សិតខ្មែរ ដែលសិក្សានៅទីក្រុងសៀងហៃទាំងអស់ ជាចៅ ចៅទួត សូមសម្តែងនូវព្រះរាជមរណទុក្ខយ៉ាងក្រៀមក្រំបំផុតពីចម្ងាយ ចំពោះការយាងចូលទិវង្គតរបស់ សម្តេចតា សម្តេចតាទួត ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ និង បង្រួបបង្រួមជាតិខ្មែរ»។

ក្នុងលិខិតបន្តទៀតថា «ទួលព្រះបង្គំទាំងអស់គ្នាជាចៅ ចៅទួតនឹងចងចាំជានិច្ចនូវរាល់ស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ច និងគុណូបការៈ ដ៏ធំធេងរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញា ញាណ ដើម្បីបូរណភាពទឹកដីកម្ពុជា»។
សូមបញ្ជាក់ថា ព្រះមហាវីរក្សត្រខ្មែរ បានយាងសោយទិវង្គតនៅវេលាម៉ោង ១ និង២០នាទីរំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅក្នុងមន្ទីរពេទ្យ ទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះ ជរាពាធ។ ព្រះបរមសពរបស់ព្រះអង្គបានដង្ហែមកដល់រាជធានីភ្នំពេញនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ និងបានតម្កល់រយៈពេល៩០ថ្ងៃនៅក្នុងព្រះបរមរាជវាំង ដើម្បីឲ្យព្រះរាជវង្សានុវង្ស មន្រ្តីរាជការ ប្រជារាស្រ្ត មន្រ្តីអង្គទូត ព្រមទាំងមេដឹកនាំបណ្តាប្រទេសជាមិត្តចូលសម្តែងព្រះរាជមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធ៕
ដោយ ៖ រិទ្ធីប្រភព ៖ Dap