ក្រុមអ្នកវិទ្យាសាស្ដ្របានឱ្យដឹងថា អាចម៍ផ្កាយដ៏ធំមួយ គឺធំជាង ២០ដង ធៀបនឹងអាចម៍ផ្កាយដែលធ្លាប់បានធ្លាក់ទៅលើប្រទេសរុស្ស៊ី នឹងហោះមកក្បែរផែនដី នៅថ្ងៃទី ២៦មករាខាងមុខ។

width=482

អាចម៍ផ្កាយដែលមានឈ្មោះថា 2004 BL86 មានមុខកាត់ប្រហែល ៤០០-១.០០០ម៉ែត្រ។ មជ្ឈមណ្ឌលស្រាវជ្រាវអំពីអាចម៍ផ្កាយ Lincoln (LINEAR) បានរកឃើញ 2004 BL86 កាលពីថ្ងៃទី ៣០មករា ឆ្នាំ ២០១៤ កន្លងទៅ។ អាចម៍​ផ្កាយ 2004 BL86 ត្រូវបានគេព្យាករថា នឹងបម្លាស់ទីមកក្បែរ និងមានគំលាតពីផែនដីប្រហែលជា ១,២លានគីឡូម៉ែត្រ គឺស្មើនឹង ៣ដង ធៀបនឹងគំលាតពីផែនដីទៅព្រះចន្ទ។

យោងតាមទំព័រ RT អាចម៍ផ្កាយមួយដែលអាចនឹងបង្កគ្រោះថ្នាក់ធំ ប្រសិនវាហោះកាត់គន្លងគោចរផែនដី នៅក្នុងគំលាតតិចជាង ៧,៤លានគីឡូម៉ែត្រ (ប្រហែល ១៩,៥ដង ធៀបនឹងគំលាតរវាងផែនដី និងព្រះចន្ទ) និងមានមុខកាត់លើសពី ១០០-១៥០ម៉ែត្រ។ អាចម៍ផ្កាយធំបែបនេះ នឹងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការកំទេចផែនដី ដែលមិនធ្លាប់មានពីមុនមក ឬយ៉ាងហោច វាក៏នឹងបង្កជាមហារលកយក្ស ប្រសិនធ្លាក់មកលើមហាសមុទ្រ។

/

ប្រសិន​ធ្លាក់​មក​លើ​ផែន​ដី អាចម៍​ផ្កាយ​នេះ​នឹង​បង្ក​មហា​គ្រោះដល់​មនុស្ស​ជាតិ

ប៉ុន្ដែ ក្រុមអ្នកវិទ្យាសាស្ដ្រព្យាករថា អាចម៍ផ្កាយ 2004 BL86 នេះ នឹងមិនហោះមកបុកផែនដីរបស់មនុស្ស។ ស្ថានីយត្រួតពិនិត្យអវកាស Goldstone ដែលមានទីតាំងនៅសមុទ្រខ្សាច់ Mojave ក្នុងរដ្ឋកាលីហ្វរញ៉ា អាមេរិក នឹងបន្តតាមដានអាចម៍ផ្កាយ 2004 BL86 នេះ ដើម្បីមានវិធានការ ប្រសិនវាហោះមកក្បែរផែនដីខ្លាំងពេក។

គួររំលឹកថា កាលពីថ្ងៃទី ១៥កុម្ភៈ ឆ្នាំ ២០១៣ អាចម៍ផ្កាយមួយដែលមានមុខកាត់ប្រហែល ១៧ម៉ែត្រ បានធ្លាក់ចូលមកបរិយាកាសផែនដី ក្នុងល្បឿន ៦៤.០០០គីឡូម៉ែត្រ/ម៉ោង ហើយផ្ទុះនៅលើកម្ពស់ពី ១៩ទៅ ២៤គីឡូម៉ែត្រ ធៀបនឹងផ្ទៃដី។ ការផ្ទុះរបស់អាចម៍ផ្កាយនេះ បានធ្លាក់ទៅលើតំបន់នៃបណ្ដាខែត្ររបស់រុស្ស៊ី ដូចជា Chelyabinsk, Tyumen, Kyrgan និង Sverdlovsk ។ល។

/

ចំណែកថាមពលដែលបានបង្កឡើងដោយអាចម៍ផ្កាយនេះ ត្រូវបានគេគិតឃើញថា ប្រហែលនឹងការផ្ទុះម្សៅ TNT ប្រហែល ៥០០.០០០តោន គឺខ្លាំងជាង ៣០ដង ធៀបនឹងកម្លាំងគ្រាប់បែកបរមាណូ ដែលធ្លាប់ត្រូវបានទម្លាក់លើក្រុង Hiroshima របស់ជប៉ុន កាលពីឆ្នាំ ១៩៤៥៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ RT