ជំនួសមកវិញ Sony នឹងផ្ដោតទៅលើ ការផលិតឧបករណ៍ផ្សេងៗ ដែលនាំមកនូវចំណេញច្រើន ដូចជា Play Station ឬ សេនសឺររូបភាព។ល។

/

នៅពេលស្ថានភាពហិរញ្ញវត្ថុមិនមានអំណោយផល បណ្ដាប្រភេទផលិតផលនានាដែលមិនបាននាំមកនូវផល​ចំណេញច្រើននឹងត្រូវគេបំបាត់ចោល ដើម្បីកាត់បន្ថយការខាតបង់។ នេះហាក់បីដូចជាវិធីល្អមួយ សម្រាប់ក្រុមហ៊ុនធំ។ ថ្មីៗនេះ ក្រុមហ៊ុន Samsung ឱ្យដឹងថា ពួកគេនឹងកាត់បន្ថយការផលិតស្មាតហ្វូន ព្រោះថាមានផលិតផលជាច្រើន មិនបាននាំមកនូវចំណេញដូចបំណង ហើយនៅពេលខាងមុខ ក្រុមហ៊ុន Sony ក៏នឹងធ្វើតាម Samsung ។ ក្រុមហ៊ុន Sony របស់ជប៉ុន ត្រូវបានគេដឹងថា បានខាតបង់អស់ ២,១ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៤នេះ។

បណ្ដាផលិតផលស្មាតហ្វូន Xperia បើទោះជាត្រូវបានវិនិយោគយ៉ាងច្រើន ទៅលើការរចនា ក៏ដូចជាការផលិត ប៉ុន្ដែ វាបែរជាមិនបាននាំមកនូវប្រាក់ចំណេញដូចការរំពឹងទុក។ នៅពេលខាងមុខ ផ្នែកផលិតស្មាតហ្វូន និងទូរទស្សន៍របស់ក្រុមហ៊ុន Sony នឹងត្រូវបាត់ខ្លួន ដើម្បីផ្ដោតទៅលើផ្នែកដទៃ ដែលរកបានចំណេញច្រើន គឺផ្នែក ហ្គេម Play Station និងសេនសឺររូបភាព។ គម្រោង​លំអិតអំពីអនាគតរបស់ផ្នែកផលិតស្មាតហ្វូន នឹងត្រូវបានប្រកាសជាផ្លូវការ នៅចុងខែមិនា ឆ្នាំក្រោយ។

/

បើ​ទោះ​ជា​ស្មាតហ្វូនស្រឡាយ Xperia ត្រូវ​បាន​គេ​វាយ​តម្លៃ​ខ្ពស់ តែ​វានៅ​តែ​មិនអាច​ជួយ​អ្វី​ដល់​ Sony

យោងតាមសម្ដីរបស់អគ្គនាយកថ្មី ផ្នែកចល័តរបស់ Sony ចំណែកទីផ្សារ ឬទំហំរបស់ក្រុមហ៊ុន មិនមែនជាប្រការដែលពួកគេចង់ចាប់យក ប៉ុន្ដែ សំខាន់គឺចំណេញ។ តាមផែនការនេះ Sony នឹងអាចរកចំណេញពីហ្គេម ឡើងដល់ ១៣,៦ពាន់លានដុល្លារ។ ចំណែកផ្នែកផលិតសេនសឺររូបភាព Sony ក៏កំពុងតែរកបានចំណូល និងចំណេញច្រើន ខណៈដែល Apple នៅតែទុកចិត្តប្រើបច្ចេកវិទ្យានេះ ហើយក្រុមហ៊ុនចិនជាច្រើន ក៏កំពុងតែងាកមកប្រើប្រាស់សេនសឺររបស់ Sony ។ ក្រុមហ៊ុនជប៉ុននេះ រំពឹងថា បរិមាណនៃផលិតផលសេនសឺររបស់ខ្លួន នឹងកើនឡើង ៧០% ក្នុងពេលខាងមុខ ដែលនឹងនាំមកនូវប្រាក់ចំណូល ប្រមាណជា ១២,៦ពាន់លានដុល្លារអាមេរិក៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Reuters