ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ អណ្តែតតាមដងទន្លេបាសាក់ នៅខាងមុខវត្តចាក់អង្រែ ក្រោម ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នាវេលាម៉ោងប្រមាណជា៧ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០ ១៣នេះ។ សពបុរសរូបនេះ ត្រូវបានគេអះអាងថា ជាបុគ្គលិកក្រុមហ៊ុនទូរស័ព្ទក្នុងស្រុកមួយ ដែលបានធ្លាក់ពីលើ ទូកកម្សាន្តចូលទៅក្នុងទឹក ពេលរូបគេកំពុងចូលរួមកម្មវិធីជប់លៀង កាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣ នៅ មុខផ្សាររាត្រី ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣ កន្លងទៅនោះ ក្រុមហ៊ុនទូរស័ព្ទចល័តដ៏ល្បីមួយនៅ កម្ពុជា បានរៀបចំពិធីជប់លៀងជូនបុគ្គលិកនៅលើទូកកម្សាន្ត តែជាអកុសល ខណៈកំពុងរៀបចំកម្មវិធីនោះ បុគ្គ លិកម្នាក់បានរអិលជើងធ្លាក់ទៅក្នុងទឹក។ ទោះបីមានមិត្តភក្តិជាច្រើនព្យាយាមជួយសង្រ្គោះយ៉ាងណាក្តី តែជួយមិន ទាន់នោះឡើយ ដោយសារទឹកហូរខ្លាំងពេក បានហួរគួចយកបុរសរងគ្រោះយកទៅបាត់។
បើតាមមន្ដ្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះដែលធ្លាក់ពីលើទូកកំសាន្ដចូលទៅក្នុងទឹកទន្លេនោះ មានឈ្មោះ កែវ វាសនា អាយុ ២៨ឆ្នាំ បុគ្គលិកផ្នែកអាយធី របស់ក្រុមហ៊ុនទូរស័ព្ទ ស្នាក់នៅផ្ទះលេខ២៦៤ ផ្លូវ លេខ១៤៦ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។
បើតាមសមត្ថកិច្ចដែលសាកសួរសាក្សីក្នុងហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ ថ្នាក់ដឹកនាំក្រុមហ៊ុនទូរ ស័ព្ទមួយ ដែលកំពុងមានប្រជាប្រិយភាពនៅកម្ពុជា បានជួលទូកកំសាន្ដរបស់លោកអ៊ីប្រាហ៊ីម ជនជាតិខ្មែរឥស្លាម អាយុ ៦៨ឆ្នាំ ឈ្មោះ ចតុមុខ០៥ ដើម្បីរៀបចំកម្មវិធីជប់លាងតាមដងទន្លេដោយមានបុគ្គលិកចូលរួម ប្រមាណ ៧០នាក់ ដោយចងភ្ជាប់ទូកជាពីរ។
សមត្ថកិច្ចបានបន្ដទៀតថា នៅពេលដែល កម្មវិធីចាប់ផ្ដើមនៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣ ទូក កំសាន្ដបាន ធ្វើដំណើរតាមដងទន្លេ លុះដល់ ៣ម៉ោងក្រោយ ដែលគ្រប់ម៉ោងជួល ក៏ត្រឡប់មកច្រាំងវិញ។ ពេលធ្វើដំណើរជិត មកដល់ច្រាំងទន្លេ មុខផ្សាររាត្រី សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ ជនរងគ្រោះ កែវ វាសនា បានដើរទៅរកបន្ទប់ទឹកនៅ លើទូក ដើម្បីបត់ជើង ប៉ុន្ដែបែរជាដើរចូលខុសបន្ទប់ទឹកបណ្ដាលធ្លាក់ចូលទឹកទន្លេតែម្ដង បង្កឱ្យ មានការភ្ញាក់ផ្អើល ដល់ថ្នាក់ដឹកនាំ និងមិត្ដភក្ដិរួមការងារទាក់ទងមកសមត្ថកិច្ច ដើម្បីជួយអន្ដរាគមន៍ភ្លាមៗផងដែរ តែរកមិនឃើញ នោះទេ ព្រោះទឹកបានហូរ គួចយកជនរងគ្រោះទៅបាត់។
រហូតដល់ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣ សពបុរសរងគ្រោះ ត្រូវបានប្រជាពលរដ្ឋប្រទះរកឃើញនៅតាមដង ទន្លេបាសាក់ ស្ថិតនៅខាងក្រោវត្តចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ក្រោយពេលស្រង់ បានហើយនោះ សព្វត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕





![src=http://image.dap-news.com:81/dap-news/dap-images/2013/October/id-067/CH-0668.jpg width=500]()
![src=http://image.dap-news.com:81/dap-news/dap-images/2013/October/id-067/CH-0669.jpg width=500]()


ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល