ភ្នំពេញ ៖ ផ្ទះរបស់លោក មុំ សារ៉េត ជា មន្ដ្រីអាកាសចរណ៍ស៊ីវិល ស្ថិតនៅផ្ទះលេខ ៥៣ ផ្លូវលេខ ១៩៧៤ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានចោរចូលគាស់ដោយ កាត់ចមរឹងទ្វារបង្អួច វាយទូយកលុយអស់ចំនួន ៥០០០ដុល្លារ និងគ្រឿងអលង្កាជាច្រើន រួមមាន ចិញ្ចៀន ខ្សែក និងខ្សែដៃ ជាដើម កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០១៣ នេះ ។
កូនស្រីម្ចាស់ផ្ទះបាននិយាយថា នៅវេលា ម៉ោងកើតហេតុខាងលើស្រាប់តែ មានការភ្ញាក់ផ្អើល ក្រោយពីប្រទះឃើញ របស់របរ និងឥវ៉ាន់នៅក្នុងបន្ទប់ដេករបស់ ខ្លួនរប៉ាត់រប៉ាយ ហើយពេលចូលទៅមើលទូ ក៏ឃើញរបើកទ្វារ នាំឱ្យមានការសង្ស័យ លុះពេលស្វែងរកលុយ និងគ្រឿងអលង្កា មិនឃើញ ទើបដឹងថា ជាករណីគាស់ផ្ទះពិត ប្រាកដ នាំឱ្យបាត់បង់ប្រាក់ ៥០០០ដុល្លារ និងគ្រឿងអលង្កាជាច្រើន ។
កូនស្រីម្ចាស់ផ្ទះរូបនេះ បានបញ្ជាក់ទៀតថា ក្រុមចោរទំនងជាចូលតាមដីឡូត៍ នៅក្បែរផ្ទះរបស់ខ្លួន ហើយឡើងតាម បង្អួច កាត់ចមរឹងបង្អួចចូលទៅក្នុងបន្ទប់ វាយទូយកទ្រព្យសម្បត្ដិទាំងនេះ។ ក្រោយ កើតហេតុភ្លាមៗ គេសង្កេតឃើញវត្ដមាន អភិបាលខណ្ឌសែនសុខ លោក លី សាវេត និងអភិបាលរងខណ្ឌ លោក ម៉ូវ ម៉ានិត និង មន្ដ្រីសាលាខណ្ឌមួយចំនួនទៀត ខណៈដែល វត្ដ-មានសមត្ថកិច្ចមិនទាន់ទៅដល់ ។
តាមការពិនិត្យជាក់ស្ដែង លោក អភិបាល ខណ្ឌ លី សាវេត មានការខឹង សម្បារយ៉ាងខ្លាំង ចំពោះករណីចោរគាស់ ផ្ទះយកទ្រព្យសម្បត្ដិ របស់ប្រជាពលរដ្ឋក្នុង មូលដ្ឋាន ដែលបញ្ហាទាំងនេះដោយសារតែ មានការខ្វះខាត ក្នុងការបំពេញភារកិច្ច របស់សមត្ថកិច្ចមូលដ្ឋាន ដូច្នេះលោកសូម អំពាវនាវ និងជំរុញបន្ថែមសមត្ថកិច្ចទាំងអស់ ត្រូវបង្កើនសន្ដិសុខជូនប្រជាពលរដ្ឋឱ្យ ខ្លាំងមែនទែន ៕







ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល