មេការបាញ់ថ្នាំរថយន្ដក្រុងម្នាក់ បានសារភាពថា ខ្លួនបានកាត់ប្រដាប់ភេទកូនជាងរបស់ខ្លួន ដើម្បីការពារប្រពន្ធ ក្រោយពីពួកគេបានបបួលគ្នាផឹកស្រា នៅថ្ងៃចុងសប្ដាហ៍។

ជនសង្ស័យឈ្មោះ Permsak Petprasert អាយុ ៥០ ឆ្នាំ ត្រូវបានចាប់ខ្លួននៅផ្ទះជួលរបស់គាត់  នៅក្នុងតំបន់ Soi Bang Tan ស្រុក Ban Pong កាលពីថ្ងៃចន្ទ និងត្រូវបានចោទប្រកាន់ពីបទវាយប្រហារទាំងកំរោល។ ជនរងគ្រោះត្រូវគេស្គាល់ថា មានឈ្មោះ Suwith Thipjantha អាយុ ៣៩ ឆ្នាំ។

/

ជនដៃដល់ឈ្មោះ Permsak បានប្រាប់ប៉ូលីសថា គាត់ទើបស្គាល់លោក Suwit បានប្រហែលមួយខែប៉ុណ្ណោះ នៅពេលគាត់ព្រមព្រៀងធ្វើជាកូនជាងរបស់ខ្លួនលើការបំពេញការងារបាញ់ថ្នាំរថយន្ដក្រុង នៅរោងចក្រដំឡើងរថយន្ដ ក្នុងស្រុក Ban Pong។ គាត់បានអនុញ្ញាត​ឱ្យលោក Suwit ស្នាក់នៅផ្ទះជួលរួមជាមួយដោយសារតែអ្នកទាំងពីជាអ្នកមកពីខេត្ដ Trang ដូចគ្នា។

នៅវេលាអាធ្រាតថ្ងៃសៅរ៍ លោក Permsak លោក Suwit និងអ្នកធ្វើការងារជាមួយគ្នាម្នាក់ទៀត បានបបួលគ្នាផឹកស្រា នៅផ្ទះជួល។ ក្រោយមកនៅពេលស្រាអស់ ខ្លួន និងបុរសទី ៣ បាននាំគ្នាទៅទិញស្រាបន្ថែម ដោយទុកឱ្យលោក Suwit ដែលកំពុងស្រវឹងស្រាឱ្យនៅផ្ទះ ខណៈដែលប្រពន្ធរបស់គាត់គឺអ្នកស្រី Tin អាយុ ៥២ ឆ្នាំកំពុងតែដេកលង់លក់។

លោក Permsak បន្ថែមថា នៅពេលគាត់ត្រឡប់មកដល់ផ្ទះវិញ គាត់បានឃើញប្រពន្ធគាត់រត់ចេញពីផ្ទះដោយអាការៈភ័យស្លន់ស្លោ ព្រមទាំងបានឃើញលោក Suwith ដើរចេញពីបន្ទប់ដេករបស់ប្រពន្ធគាត់ ដោយស្លៀកតែខោខ្លី។ លោក Permsak បានវាយលោក Suwit នឹងឧបករណ៍ជាងឱ្យដួលសន្លប់ទៅនឹងដី រួចយកកាំបិតចិតផ្លែឈើកាត់ប្រដាប់ភេទកូនជាងរបស់ខ្លួនដាច់ថ្មិល បន្ទាប់មកគ្រវែងចូលទៅក្នុងគុម្ភឈើក្បែរនោះ។

លោក Permsak និយាយថា ក្រោយមកគាត់បានសុំឱ្យអ្នកជិតខាងជូនលោក Suwit ទៅមន្ទីរពេទ្យដើម្បីព្យាបាល។ អ្នកស្រី Tin បានប្រាប់ប៉ូលីសថា លោក Suwit ស្រវឹងស្រា ហើយបានចូលបន្ទប់គេងរបស់អ្នកស្រី ព្រមទាំងបានចាប់ស្ទាបដៃអ្នកស្រី។ អ្នកស្រី បានរត់ចេញពីគាត់ ទន្ទឹមពេលដែលប្ដីរបស់អ្នកស្រី បានមកដល់ផ្ទះល្មម។

ប៉ូលីស បានបញ្ជាឱ្យលោក Permsak នាំទៅកន្លែង ដែលគាត់បានបោះលិង្គចោល ប៉ុន្ដែប៉ូលិសមិនអាចរកឃើញនោះទេ។ ប៉ូលីសជឿថា ឆ្កែបានស៊ីលិង្គនោះ ឬពាំយកទៅឆ្ងាយបាត់ហើយ ៕  

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ បាងកកប៉ុស្ដិ៍