(ម៉ានីល)៖ នៅបន្ទាប់ពីបានស្បថជាមួយព្រះជាម្ចាស់ ថាខ្លួនឈប់ប្រើពាក្យជេរប្រមាថមិនទាន់ទំាងបានមួយខែផង ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ បានជេរសហរដ្ឋអាមេរិកសារជាថ្មីម្ដងទៀតដោយចាត់ទុកថា អ្នកដែលនៅពីក្រោយការសម្រេចចិត្តបញ្ឈប់ការលក់កំាភ្លើង២៦,០០០ដើម ដល់ហ្វីលីពីនគឺជា «មនុស្សល្ងីល្ងើ» និង «សត្វស្វា» ហើយលោកថា នឹងទិញអាវុធពីចិន និងរុស្ស៊ីវិញ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន Reuters នៅយប់ថ្ងៃ ពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦។

/

ថ្លែងនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ លោក ឌូធើតេ បានលើកឡើងដូច្នេះថា «មើលស្វាទំាងនេះចុះ! កាំភ្លើង២៦,០០០ដើម ដែលយើងចង់ទិញ ពួកគេបែរជាមិនចង់លក់ឱ្យយើងទៅវិញ។ កូនមីសំផឹង! យើងមានកាំភ្លើងជាច្រើន នៅទីនេះ អាឆ្កួតអាមេរិក ហើយយើងអាចទិញកាំភ្លើងពីរុស្ស៊ីនិងចិនក៏បានដែរ»។

ការផ្ទុះកំហឹងឡើងវិញរបស់លោកឌូធើតេ កើតឡើងតែមួយថ្ងៃប៉ុណ្ណោះ នៅបន្ទាប់ពីក្រសួងការបរទេសអាមេរិកកាលពីថ្ងៃអង្គារ សម្រេចផ្អាកគំរោងលក់កាំភ្លើងប្រមាណជា ២៦,០០០ដើម ទៅឲ្យប៉ូលិសជាតិហ្វីលីពីនដោយសារតែការរំលោភសិទ្ធិមនុស្ស ខណៈមនុស្សច្រើនជាង២៣០០នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីហ្វលីពីនរូបនេះ៕

/

ប្រភព ៖ រ៉យទ័រ