សមត្ថកិច្ចបានឱ្យដឹងថា ជនដែលបានបំផ្ទុះគ្រាប់បែកនៅឯហាងបារមួយក្នុងក្រុង Ansbach ប្រទេសអាល្លឺម៉ង់ កាលពីយប់ថ្ងៃទី ២៤កក្កដា បានអះអាងថា ខ្លួនគាំទ្រក្រុមភេរវកម្មរដ្ឋអ៊ីស្លាម។

AFP ដកស្រង់សំដីលោក Joachim Herrmann អ្នកដឹកនាំអង្គភាពមហាផ្ទៃនៃរដ្ឋ Bravia បានឱ្យដឹងថា ក្នុងវីដេអូមួយដែលត្រូវបានរកឃើញក្នុងទូរស័ព្ទរបស់ជនល្មើសកាលពីម្សិលមិញ ជននេះបាន សន្យាថានឹងស្មោះត្រង់ចំពោះមេដឹកនាំក្រុម ISIS Abu Bakr al-Baghdadi ។
បើតាមលោក Herrmann ជនបំផ្ទុះគ្រាប់បែក “ប្រកាសថាសងសឹកចំពោះអាល្លឺម៉ង់ ព្រោះពួកគេរារាំងផ្លូវរបស់សាសនាអ៊ីស្លាម”។
សូមរំលឹកថា ឧបករណ៍ផ្ទុះមួយត្រូវបានបំផ្ទុះកាលពីយប់ថ្ងៃទី ២៤កក្កដា (ម៉ោងក្នុងស្រុក) នៅឯហាងបារមួយកន្លែងក្នុងក្រុង Ansbach ប្រទេសអាល្លឺម៉ង់ បណ្ដាលឱ្យមានមនុស្សស្លាប់យ៉ាងតិចម្នាក់ និង រងរបួស ១២នាក់។ ជនល្មើសដែលបានបំផ្ទុះគ្រាប់បែកនេះ គឺជាបុរសវ័យ ២៧ឆ្នាំ ជាជនភៀសខ្លួនស៊ីរី។ ប៉ុន្តែ មកដល់ពេលនេះ នគរបាលមិនទាន់ប្រកាសឱ្យដឹងអំពីអត្តសញ្ញាណពិតរបស់ជននេះនៅឡើយ។

លោក Joachim Herrmann អ្នកដឹកនាំអង្គភាពមហាផ្ទៃនៃរដ្ឋ Bravia ប្រទេសអាល្លឺម៉ង់
ទំព័រ Reuters បានចេញផ្សាយថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ Thomas de Maiziere បានសង្កត់ធ្ងន់ថា ប្រទេសនេះនឹងបង្កើនចំនួនសន្តិសុខនៅតាមបណ្ដាព្រលានយន្តហោះ ចំណតរថភ្លើង និងទីតាំងត្រួតពិនិត្យសន្តិសុខ។ កងសន្តិសុខក៏នឹងបង្កើនការយកចិត្តទុកដាក់ទៅលើតំបន់ព្រំដែន បន្ទាប់ពីប្រទេសនេះ ទទួលរងការវាយប្រហារ ៤លើក ក្នុងរយៈពេលមិនដល់មួយសប្ដាហ៍។
ប្រែសម្រួល ៖ បុត្រា