ភ្នំពេញ៖ រឿងមិនគួរឲ្យ ជឿមួយបានកើត ឡើងក្នុងខណៈ ដែលបុរសម្នាក់ ជិះកង់ទៅឆក់កាបូបពីស្រ្តីម្នាក់នៅ ទល់មុខហាងលក់សំលៀកបំពាក់មួយ តាមបណ្តោយផ្លូវម៉ៅសេទុង ខាងកើតស្តុបភ្លើងបូកគោ ចំងាយ ប្រមាណ ជាង ១០០ ម៉ែត្រ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន កាលពីវេលា ម៉ោង ២១ និង ០៥ នាទីយប់ថ្ងៃទី ២២ ខែមករាឆ្នាំ ២០១៣ ក្នុងខណៈ ដែលស្ត្រីរងគ្រោះកំពុងជិះក្នុងរ៉ឺម៉កម៉ូតូកង់បី ត្រឡប់មកពីហូបការមិត្តភក្តិ ត្រូវសមត្ថកិច្ចចាប់ចូលគុកចោលប្រពន្ធដែលមានជំងឺសម្រាកនៅមន្ទីរពេទ្យ ។
ជនសង្ស័យ ដែលបានធ្វើសកម្មភាពឆក់កាបូបខាងលើនេះ ឈ្មោះ ឈុន ជានិត អាយុ ២៦ឆ្នាំ ស្នាក់នៅផ្ទះជួល ម្តុំវត្តប្រយុវង្ស បាននិយាយរៀបរាប់ ប្រាប់សមត្ថកិច្ចថា មូលហេតុដែលខ្លួនសម្រេចចិត្តធ្វើសកម្មភាព ឆក់កាបូប នេះគឺដោយសារប្រពន្ធ ឈឺគ្មានលុយព្យាបាលជំងឺ ទើបសំរេចចិត្តធ្វើ សកម្មភាពជិះកង់ ឆក់កាបូបខណៈ ដែលស្រ្តីរងគ្រោះបានជិះរ៉ឺម៉ក កង់បីចេញពីហូបការរបស់មិត្តភក្តិ បណ្តាលឲ្យស្រ្តីជាម្ចាស់កាបូបរបួសជើង ដោយសារការប្រតាយប្រតប់គ្នា។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានប្រគល់កាបូបដែលជនសង្ស័យធ្វើសកម្មភាពឆក់បានទៅឲ្យម្ចាស់វិញ រួចនាំ ខ្លួនជនសង្ស័យទៅឃុំខ្លួនបណ្តោះ អាសន្ន ដើម្បីកសាងសំនុំរឿងបញ្ជូនទៅ សាលាដំបូង រាជធានី ភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល