width=730

(វ៉ាស៊ីនតោន)៖ គេហទំព័រដ៏ល្បីល្បាញជំនាញផ្នែកទម្លាយឯកសារសម្ងាត់ WikiLeaks បានចេញផ្សាយនូវឯកសាររាប់ពាន់ច្បាប់ ដែលត្រូវបានអង្គការប្រឆាំងការសម្ងាត់បញ្ជាក់ថា ជាឯកសារដែលបើកកកាយអំពីអាថ៌កំបាំងនៃឧបករណ៍ Hack របស់ភ្នាក់ងារស៊ើបអង្កេតកំពូល សហរដ្ឋអាមេរិក CIA សម្រាប់លួចឯកសារក្នុងកុំព្យូទ័រ ទូរស័ព្ទ និងទូរទស្សន៍ប្រភេទ Smart TV ជាដើម។

យ៉ាងនេះក្តី ភ្នាក់ងារ CIA និងប្រធានាធិបតីអាមេរិក លោក Donald Trump បានបដិសេធមិនឆ្លើយតបអ្វីទាំងអស់ ចំពោះការបើកកកាយឯកសារ ទាំងនេះឡើយ។ ប៉ុន្តែកន្លងមកនៅពេលគេហទំព័រ Wikileaks ទម្លាយឯកសារសម្ងាត់របស់រដ្ឋាភិបាលអាមេរិក ដែលរក្សាទុកដោយ ក្រសួងការបរទេសនោះ មន្ទីរបញ្ចកោណ និងភ្នាក់ងារផ្សេងៗទៀត ទទួលស្គាល់ថា វាជាការពិត។ ជាមួយគ្នានេះដែរ លោក Devin Nunes ប្រធានគណៈកម្មាធិការស៊ើបអង្កេត បានបង្ហាញនូវក្តីបារម្ភពីការបែកធ្លាយឯកសារទាំងនេះ ហើយកំពុងព្យាយាមតាមដាន និងស្វែងរកព័ត៌មានបន្ថែមពាក់ព័ន្ធនឹងបញ្ហានេះ។

នៅក្នុងឯកសារនោះបានបញ្ជាក់ថា ឧបករណ៍សម្រាប់ Hack ទិន្នន័យរបស់ CIA មានសមត្ថភាពក្នុងការទាញយកព័ត៌មាននានា ពីប្រព័ន្ធប្រតិបត្តិការ ដែលមនុស្ស បច្ចុប្បន្ននិយមប្រើប្រាស់ មានដូចជា Desktop Laptop របស់ Microsoft ជាដើម។ មិនតែប៉ុណ្ណោះឧបករណ៍ទាំងនេះ ក៏មានគោលដៅ វាយប្រហារទៅលើផលិតផលបច្ចេកវិទ្យាផ្សេងៗដូចជា ទូរស័ព្ទ iPhones និង iPads របស់ក្រុមហ៊ុន Apple ប្រព័ន្ធទូរស័ព្ទ Android របស់ Google ឬ Cisco routers និងទូរទស្សន៍ Smart TVs របស់ក្រុមហ៊ុន Samsung ជាដើម។

ក្រុមហ៊ុនបច្ចេកវិទ្យា បានបញ្ជាក់ថា ពួកគេកំពុងធ្វើការវាយតម្លៃទៅលើឯកសារដែលទើបទម្លាយថ្មីៗទាំងនេះ ថាតើវាពិតកម្រិតណា។ ប៉ុន្តែបន្ទាប់ពីការទម្លាយការសម្ងាត់នេះ មានសំណួរ និងចម្លើយជាច្រើនបានលើកឡើងពាក់ព័ន្ធ នឹងព័ត៌មានចុងក្រោយរបស់ Wikileaks ដែលសំណួរ និងចម្លើយទាំងនោះមានខ្លឹមសារដូចខាងក្រោមគឺ៖

* តើឯកសារទាំងនេះ មានប្រភពមកពីណា? គេហទំព័រ Wikileaks បានបញ្ជាក់ថា ឯកសារទាំងនេះ បានមកពីបណ្តាញដែលបានរក្សាប្រព័ន្ធសន្តិសុខខ្ពស់ និងឯករាជ្យមួយក្នុងមជ្ឈមណ្ឌល CIA ទទួលបន្ទុកធ្វើចារកម្មទៅលើប្រព័ន្ធអ៊ីនធើណែតដែលធ្វើការវាយប្រហារ និងការពារប្រព័ន្ធអ៊ីនធើណែតនានា។ ប្រភពដដែលបានបញ្ជាក់ថា ឯកសារទាំងនេះត្រូវបានផ្សព្វផ្សាយក្នុងចំណោមអតីតពួក Hacker ទៅលើរដ្ឋាភិបាលសហរដ្ឋអាមេរិក និងក្រុមអ្នកជាប់កិច្ចសន្យា ដែលជាអ្នកផ្តល់ ព័ត៌មានដល់គេហទំព័រ Wikileaks។ យ៉ាងនេះក្តី យើងនៅមិនទាន់ច្បាស់ថា តើអ្នកណានៅពីក្រោយខ្នង ការទម្លាយរឿងនេះនៅឡើយ ដោយគ្រាន់តែអាចដាក់ការសង្ស័យទៅលើក្រុមមួយចំនួនប៉ុណ្ណោះ។

* តើមានឯកសារប៉ុន្មានដែលត្រូវបានបែកធ្លាយ? តើពួកប្រើប្រាស់ពេលយូរប៉ុណ្ណាដើម្បីទទួលបានឯកសារទាំងនេះ?គេហទំព័រ Wikileaks បានបញ្ជាក់ថា មានឯកសារចំនួន ៧,៨១៨ទំព័រ និងចំនួន៩៤៣កញ្ចប់ ត្រូវបានគេផ្សព្វផ្សាយ តែនេះគ្រាន់តែជាផ្នែកដំបូង នៃឯកសារទាំងអស់ដែលនឹងត្រូវបានទម្លាយជាបន្តបន្ទាប់ទៀតក្នុងពេលខាងមុខ។ គេហទំព័រនេះបន្ថែមថា ឯកសារនេះ ទទួលបាននៅរវាងឆ្នាំ២០១៣ដល់ឆ្នាំ២០១៦ ដែលគេហទំព័រជំនាញខាងទម្លុះទម្លាយអាថ៌កំបាំងមួយនេះបានចាត់ទុកថា ការទម្លាយលើកនេះ ជាការចេញផ្សាយនូវឯកសារដ៏គួរជឿទុកចិត្ត និងធំជាងគេមួយមិនធ្លាប់មានពីមុនមក។

* តើឯកសារនេះ មានភាពត្រឹមត្រូវ និងច្បាស់លាស់ឬទេ? អ្នកនាំពាក្យរបស់ភ្នាក់ងារស៊ើបការណ៍ CIA បានបញ្ជាក់ថា ភ្នាក់ងារខ្លួន មិនមានបំណងធ្វើការវាយតម្លៃពីភាពត្រឹមត្រូវច្បាស់លាស់របស់ឯកសារ ទាំងនេះឡើយ។ ចំណែកលោក Sean Spicer អ្នកនាំពាក្យរដ្ឋាភិបាលអាមេរិករបស់លោក ត្រាំ បានបដិសេធមិនលើកឡើងអ្វីមួយ ពាក់ព័ន្ធនឹងបញ្ហានេះឡើយ។

គួររំលឹកថា កន្លងមកភ្នាក់ងារ WikiLeaks ធ្លាប់មានកំណត់ត្រាឯកសារសម្ងាត់របស់សហរដ្ឋអាមេរិក និងរដ្ឋាភិបាលដទៃទៀតជាច្រើនសន្ធឹកសន្ធាប់ និងពិតប្រាកដជាទីបំផុត។ អ្នកជំនាញផ្នែកសន្តិសុខដែលធ្លាប់បានធ្វើការពិនិត្យទៅលើឯកសារបែកធ្លាយនាពេលកន្លងមកនេះ បានបញ្ជាក់ថា ឯកសារទាំងនោះមានលក្ខណៈត្រឹមត្រូវពិតមែន។

ជាមួយគ្នានេះដែរ លោក Jake Williams អ្នកជំនាញផ្នែកសន្តិសុខ ដែលមានមូលដ្ឋាននៅរដ្ឋ Georgia ដែលបានប្រឡូកជាមួយក្រុម Hacker របស់រដ្ឋាភិបាលអាមេរិកនាពេលកន្លងមកបានបញ្ជាក់ថា «វាហាក់ដូចជាការពិត» សម្រាប់ការយល់ឃើញរបស់លោកផ្ទាល់។

* តើឯកសារទាំងនេះ មានផ្ទុកព័ត៌មានអ្វីខ្លះ? នៅក្នុងឯកសារទាំងនោះ មានផ្ទុកនូវព័ត៌មាន ដែលបង្ហាញពីគម្រោងរបស់ភ្នាក់ងារ CIA ព្រមទាំងបានបញ្ជាក់ពីប្រព័ន្ធបំផ្លាញ និងឧបករណ៍វាយប្រហារ ដែលអាចប្រើប្រាស់សម្រាប់ Hack ទៅលើប្រព័ន្ធបច្ចេកវិទ្យាដែលកំពុងពេញនិយមបំផុតលើពិភពលោក។ ឯកសារទាំងនោះក៏បានបញ្ជាក់ផងដែរថា ក្រុមអ្នកផលិតឧបករណ៍ទាំងនេះ មានបំណងចង់បញ្ជូនឧបករណ៍ទាំងនោះទៅកាន់កុំព្យូទ័រ ដែលជាគោលដៅរបស់ខ្លួន ដោយធ្វើយ៉ាងណាមិនឱ្យ ម្ចាស់កុំព្យូទ័រដឹងខ្លួន។

យ៉ាងនេះក្តី ឯកសារបែកធ្លាយនេះ មិនបានបញ្ជាក់ថា តើអ្នកណានឹងក្លាយជាគោលដៅនៃការវាយប្រហារឡើយ ប៉ុន្តែឯកសារនោះបានបង្ហាញពីការ ផ្លាស់ប្តូរ ព័ត៌មានដ៏ច្រើនលើសលុប រវាងភ្នាក់ងារ CIA ជាមួយភ្នាក់ងារសន្តិសុខជាតិ រួមជាមួយនឹងភ្នាក់ងារចារកម្មសហព័ន្ធផ្សេងៗទៀត និងភ្នាក់ងារចារកម្មជិតស្និតនៅបរទេសដូចជា អូស្ត្រាលី កាណាដា ញ៉ូវហ្សេឡែន និងចក្រភពអង់គ្លេសជាដើម។

ឯកសារទាំងនោះ ក៏បានបញ្ជាក់ពីការពិភាក្សាគ្នាអំពីការវាយប្រហារ ក្នុងនោះមានដូចជា ការពិភាក្សាស្តីអំពីការ Hack ទៅកាន់ប្រព័ន្ធផលិតយាន្តជំនិះ ផងដែរ ដែលចំណុចចង្អុលបង្ហាញថា ភ្នាក់ងារ CIA មានចំណាប់អារម្មណ៍ក្នុងការ Hack ទៅក្នុងប្រព័ន្ធផលិតម៉ូឌែលរថយន្តទាន់សម័យ ជាមួយនឹងប្រព័ន្ធកុំព្យូទ័រដ៏ស្មុគស្មាញ។

* តើក្រុមហ៊ុនបច្ចេកវិទ្យាឆ្លើយតបបែបណា ចំពោះការបែកធ្លាយឯកសារនេះ? ចំពោះក្រុមហ៊ុន Microsoft មិនទាន់មានយោបល់អ្វីឡើយ ដោយបានបញ្ជាក់ថា ខ្លួនកំពុងត្រួតពិនិត្យទៅលើរបាយការណ៍ដែលបញ្ជាក់ថា ប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន ងាយនឹងរងការវាយប្រហារដោយឧបករណ៍ Hacking ដែលត្រូវបានគេក្នុងរបាយការណ៍ CIA។ ចំណែកក្រុមអ្នក បង្កើតកម្មវិធីរក្សាសុវត្តិភាពប្រព័ន្ធបញ្ជូនសារ បានបញ្ជាក់ថា ឧករណ៍ដែលត្រូវបានគេលើកឡើងក្នុងឯកសារដែលបែកធ្លាយនោះ អាចនឹងផ្តល់ផល ប៉ះពាល់ដល់អ្នកប្រើប្រាស់ពិតមែន ប៉ុន្តែមិនមែនក្នុង Software ដែលខ្លួនផលិតឡើងនោះឡើយ។

ចំពោះម្ចាស់កម្មវិធីបញ្ចូនសារដ៏មានប្រជាប្រិយភាព Telegram វិញ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមហ៊ុនផលិតទូរសព្ទដៃ និងប្រព័ន្ធប្រតិបត្តិការ ក្នុងនោះមានដូចជា ក្រុមហ៊ុន Apple, Google និង Samsung ជាដើម ត្រូវទទួលខុសត្រូវទៅលើរឿងនេះ ដោយការបង្កើនប្រព័ន្ធរក្សាសុវត្ថិភាពរបស់ខ្លួនឱ្យកាន់តែប្រសើរជាងមុន។ ម្ចាស់ប្រព័ន្ធបញ្ជូនសារមួយនេះបានបញ្ជាក់ថា «កិច្ចខិតខំប្រឹងប្រែងក្នុងការ កែខៃលើបញ្ហានេះ ត្រូវការពេលវេលាច្រើន និង Updates កម្មវិធីជាច្រើនផងដែរ។ តែប្រសិនបើ CIA មិនមានគោលដៅតាមដានអ្នកទេនោះ ហេតុនេះ អ្នកក៏មិនចាំបាច់មានការបារម្ភអ្វីពេកនោះដែរ»។

សូមជម្រាបថា ថ្មីៗនេះ ក៏មានព័ត៌មានពីសំណាក់ គេហទំព័រ Wikileaks ដែលបញ្ជាក់ថា ភ្នាក់ងារ CIA ប្រើប្រាស់Servers សម្ងាត់ចំនួន៥ ដើម្បីលួចតាមដានស្ដាប់ការសន្ទនាទូរស័ព្ទជុំវិញពិភពលោក៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី​