យ៉ាងហោចណាស់មានមនុស្សស្លាប់ ៧៧នាក់ និងជាង ១០០នាក់រងរបួស បន្ទាប់ពីរថយន្តដឹកទំនិញមួយគ្រឿង បានត្រូវគេបើកទៅបុកហ្វូងមនុស្ស នៅមាត់ទន្លេនៃក្រុង Nice របស់បារាំង ដែលកំពុងមើលការកាំជ្រួច អបអរថ្ងៃបុណ្យឯករាជជាតិ ។

ករណីដែលត្រូវបានគេយល់ថា ជាការវាយប្រហារភេរវកម្មនេះ បានកើតឡើងកាលពីយប់ថ្ងៃទី ១៤ កក្កដា។ អ្នកបើកបររថយន្ត ត្រូវបាននគរបាលបាញ់សម្លាប់។

នគរបាលប្រឆាំងភេរវកម្មកំពុងតែរុករកគ្រប់កន្លែង ទន្ទឹមនឹងនេះ សន្តិសុខរាបរយនាក់ក៏ត្រូវបានគេដាក់ពង្រាយស្ទើរគ្រប់កន្លែង។ ក្រៅពីនេះ ប្រជាជនដែលនៅក្នុងតំបន់ ក៏ត្រូវបានសមត្ថកិច្ចប្រកាស ឱ្យនៅតែក្នុងផ្ទះ។

បុណ្យឯករាជ គឺជាពិធីសំខាន់បំផុតមួយនៅបារាំង។ នៅក្នុងឱកាសនេះ រដ្ឋាភិបាល តែងតែប្រារព្ធពិធីជាច្រើន ដូចជាការបាញ់កាំជ្រួច។ល។

ប្រភពព័ត៌មានខ្លះ ចុះផ្សាយថា មានការចាប់ជំរិតមនុស្សនៅឯសណ្ឋាគារ Meridien និងភោជនិយដ្ឋានមួយនៅក្រុង Nice ប៉ុន្តែក្រសួងមហាផ្ទៃបារាំង បានច្រានចោលព័ត៌មាននេះ។

បន្ទាប់ពីការវាយប្រហារនេះ ប្រធានាបតីបារាំង លោក Hollande និងនាយករដ្ឋមន្ត្រី Manuel Valls បានបើកកិច្ចប្រជុំបន្ទាន់មួយនៅក្រុងបារីស។ ទន្ទឹមនឹងនេះ មន្ត្រីជំនាញក៏បានធ្វើការស៊ើបអង្កេតថា តើនេះគឺជាការវាយប្រហារដាច់ដោយឡែកតែឯង ឬមួយមានជនល្មើសណាខ្លះទៀតដែលបានរត់គេចខ្លួនពីកន្លែងកើតហេតុ។

ក្រោយពីហេតុការណ៍នេះ បានកើតឡើង ប្រធានាធិបតីអាមេរិក Barack Obama ក៏បានប្រកាសថ្កោលទោសផងដែរ។

/

/

/

/

/

 

 

ប្រែសម្រួល ៖ បុត្រា