ប្រធានាធិបតីអាមេរិក ដំបូងឡើយ តែងឡើងកាន់តំណែងនៅក្នុងខែមិនា ប៉ុន្តែ ថ្ងៃនេះ ត្រូវបានប្ដូរទៅខែមករា ដើម្បីកាត់បន្ថយពេលវេលាផ្ទេរអំណាចទៅឱ្យរដ្ឋាភិបាលថ្មី។
ថ្ងៃទី ២០មករានេះ លោក Donald Trump នឹងក្លាយជាប្រធានាធិបតីទី ៤៥របស់អាមេរិក ហើយលោកគឺជាប្រធានាធិបតីទី ១៤ ដែលចូលកាន់តំណែងក្នុងថ្ងៃនេះ។

កាលពីដើមឡើយ បណ្ដាប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក សុទ្ធតែបានស្បថចូលកាន់តំណែងនៅថ្ងៃទី ៤មិនា ចាប់ពីការស្បថចូលកាន់តំណែងលើកទីពីររបស់ George Washington កាលពីឆ្នាំ ១៧៩៣ (លោក George Washington ឡើងកាន់តំណែងលើកដំបូងក្នុងថ្ងៃទី ៣០មេសា ១៧៨៩)។ ថ្ងៃទី ៤មិនា គឺជាថ្ងៃដែលរដ្ឋាភិបាលចាប់ផ្ដើមដំណើរការទៅតាមរដ្ឋធម្មនុញ្ញឆ្នាំ ១៧៨៩។
កាលណោះ ក្រុមអ្នកច្បាប់យល់ថា គេត្រូវការពេលវេលាគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាទាំងឡាយទាក់ទងនឹងការបោះឆ្នោត និងផ្ទេរអំណាច។
ប៉ុន្តែ ក្រោយមក នៅពេលបច្ចេកវិទ្យាបានរីកចម្រើនខ្លាំង ការដោះស្រាយបញ្ហាខាងលើត្រូវបានបញ្ចប់យ៉ាងឆាប់រហ័ស។ ដូច្នេះ ការចំណាយពេលច្រើនខែដូចមុន បានក្លាយជារឿងមិនចាំបាច់ ហើយជួនកាលវាថែមទាំងធ្វើឱ្យកើតបញ្ហាទៀតផង។ នៅពេល Franklin D. Roosevelt ជាប់ឆ្នោតក្នុងឆ្នាំ ១៩៣៣ រយៈពេលជាច្រើនខែនៃការរង់ចាំ ធ្វើឱ្យលោកមិនអាចដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិបានភ្លាមៗនោះទេ។
ដូច្នេះហើយ ក្រុមអ្នកបង្កើតច្បាប់ ក៏បានជម្រុញឱ្យមានការផ្លាស់ប្ដូរ និងធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញលើកទី២០ ដែលកំណត់ថ្ងៃចូលកាន់តំណែងប្រធានាធិបតីជាផ្លូវការ នៅថ្ងៃទី ២០មករា។
បើសិនថ្ងៃទី ២០មករា ចំនឹងថ្ងៃអាទិត្យ នោះ ការស្បថចូលកាន់តំណែងនឹងត្រូវបានធ្វើឡើងដោយ “ស្ងាត់ៗ” នៅសេតវិមាន។ ចំណែកពិធីចូលកាន់តំណែងជាសាធារណៈ និងពិធីជប់លៀននានា នឹងត្រូវបានធ្វើឡើងនៅថ្ងៃចន្ទ ទី២១មករា៕
ប្រែសម្រួល ៖ តារាប្រភព ៖ boston