ជាលើកដំបូងហើយដែលក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញទីតាំងដែល “ផ្សាយ” ចេញរលកវិទ្យុពីអវកាស និងរយៈចម្ងាយរបស់វា បើគិតពីផែនដី។

ក្រុមអ្នកវិទ្យាសាស្ដ្របានសិក្សាទៅលើរលកវិទ្យុដែលមានឈ្មោះថា FRB 121102 ក្នុងរយៈពេល៦ខែដើម្បីស្វែងយល់អំពីទីតាំងរបស់វានៅក្នុងអវកាស ហើយបានសន្និដ្ឋានថា រលកវិទ្យុនេះ ត្រូវបាន “ផ្សាយ” ចេញពីហ្គាឡាក់ស៊ីតូចមួយ ដែលមានចម្ងាយពីផែនដី ជាង៣ពាន់លានឆ្នាំពន្លឺ នេះបើតាមទំព័រ Independent។

/

រលកវិទ្យុ (Fast Radio Burst ឬ FRB) ថ្មី ត្រូវបានកត់ត្រា ១៨លើក និងក្លាយជាប្រធានបទដែលធ្វើឱ្យអ្នកវិទ្យាសាស្ដ្ររំភើបចិត្ត ចាប់តាំងពីបានរកឃើញជាលើកដំបូង កាលពីឆ្នាំ ២០០៧។ ប្រការនេះ ធ្វើឱ្យមានការយល់ថា វាអាចកើតចេញពីផ្កាយដ៏ធំ ឬពីប្រហោងខ្មៅ ឬមួយជាផលិតផលរបស់មនុស្សភពផ្កាយ។

FRB គឺជារលកវិទ្យុដ៏ខ្លាំង ប៉ុន្តែវាអូសបន្លាយយ៉ាងច្រើនត្រឹមតែមួយមិល្លីវិនាទី។ រលកវិទ្យុដំបូង ត្រូវបានថតបានដោយតេឡេស្កូប Parkes នៅអូស្ដ្រាលី កាលពីឆ្នាំ ២០០៧។ ក្រោយមក រលកវិទ្យុចំនួន១៧ផ្សេងទៀតត្រូវបានគេស្ដាប់ឮ ប៉ុន្តែ មានតែរលកវិទ្យុមួយគត់ដែល “ផ្សាយ” សាថ្មី។ រលកវិទ្យុ FRB 121102 ត្រូវបានរកឃើញដោយតេឡេស្កូប Very Large Array ដែលគ្រប់គ្រងដោយអាមេរិក។

បណ្ឌិត Shriharsh Tendulkar សមាជិករបស់ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ McGill នៅ Montreal ប្រទេសកាណាដា ឱ្យដឹងថា ៖ “មុននឹងយើងខ្ញុំដឹងអំពីរយៈចម្ងាយរបស់ FRB មានមតិមួយចំនួនបកស្រាយអំពីប្រភពរបស់វា ដោយខ្លះយល់ថា វាអាចមានប្រភពពីខាងក្នុង ឬជិតហ្គាឡាក់ស៊ី មីលគីវ៉េ (Milky Way)។ ពេលនេះ យើងខ្ញុំអាចបំបាត់នូវការយល់ឃើញខាងលើ”។

បណ្ឌិត Shami Chatterjee នៅសកលវិទ្យាល័យ Cornell អាមេរិក ជាសមាជិកម្នាក់របស់ក្រុមស្រាវជ្រាវ បាននិយាយថា ៖ “ការរកឃើញហ្គាឡាក់ស៊ីដែលជាកន្លែងផ្សាយចេញនូវ FRB និងរយៈចម្ងាយរបស់វា ធៀបជាមួយផែនដី គឺជាជំហានដ៏ធំមួយ ប៉ុន្តែ យើងខ្ញុំនៅមានការងារជាច្រើនទៀតដើម្បីធ្វើ មុននឹងយល់ច្បាស់អំពីរលកវិទ្យុនេះ”៕

ប្រែសម្រួល ៖ តារាប្រភព ៖ Independent