ភ្ញៀវនៅក្នុងពិធីជប់លៀងអាពាហ៍ពិពាហ៍មួយនៅតួកគី ដែលកំពុងតែនាំគ្នារាំរែក ក៏ស្រាប់តែគ្រាប់បែកមួយគ្រាប់បានផ្ទុះឡើង បណ្ដាលឱ្យរញ្ជូយអាគារទាំងមូល។
យោងតាមទំព័រ indianexpress គ្រាប់បែកមួយគ្រាប់ដែលត្រូវបានគេដាក់នៅក្នុងរថយន្ត នៅក្រុង Van ប្រទេសតួកគី ជិតព្រំដែនអ៊ីរ៉ង់ កាលពីថ្ងៃទី ១៧ បានត្រូវបំផ្ទុះឡើង បណ្ដាលឱ្យមានមនុស្សស្លាប់ ១១នាក់ និងជាង ១២០នាក់ផ្សេងទៀត រងរបួស។
វីដេអូដែលថតបានសកម្មភាព បានបង្ហាញថា មុនពេលគ្រាប់បែកផ្ទុះ ភ្ញៀវទាំងឡាយកំពុងតែសប្បាយរីករាយក្នុងការរាំរែកជាមួយកូនកម្លោះ និងកូនក្រមុំ។ ប៉ុន្តែ ខណៈនោះដែរ ក៏ស្រាប់តែមានសម្លេងផ្ទុះលាន់កងរំពង ធ្វើឱ្យញាប់ញ័រអាគារទាំងមូល។ ទ្វារកញ្ចក់ត្រូវបែកទាំងស្រុង ផ្សែងក៏សាយភាយពេញបន្ទប់។ មនុស្សទាំងឡាយនាំគ្នារកកន្លែងជ្រក ឬរត់ចេញពីកន្លែងកើតហេតុ។
មកដល់ពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខមកទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនេះនៅឡើយ។ ក៏ប៉ុន្តែ សមត្ថកិច្ចម្នាក់ឈ្មោះ Mehmet Parlak បានចោទប្រកាន់ថា គណបក្សពលករជាតិឃើត (Kurd (PKK)) គឺជាអ្នកនៅពីក្រោយការបំផ្ទុះគ្រាប់បែកនេះ។
PKK ត្រូវបានតួកគី អាមេរិក និងសហភាពអឺរ៉ុប ចាត់ទុកថា ជាក្រុមភេរវកម្ម។
កាលពីថ្ងៃទី ១៥សីហា PKK ក៏ធ្លាប់បានធ្វើការបំផ្ទុះគ្រាប់បែកក្នុងរថយន្ត នៅក្នុងខែត្រ Diyarbakir បណ្ដាលឱ្យមានមនុស្សស្លាប់ ៧នាក់ និង ៤៥នាក់រងរបួស។
តំបន់អាគ្នេយ៍របស់តួកគី ជាកន្លែងដែលមានជនជាតិឃើតរស់នៅច្រើន បានធ្លាក់ទៅក្នុងអំពើហឹង្សា បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់ដែលបានរយៈពេល ២ឆ្នាំ រវាងរដ្ឋាភិបាល និង PKK បានបរាជ័យ កាលពីខែកក្កដា ឆ្នាំទៅ។
ប្រែសម្រួល ៖ បុត្រា