កូរ៉េខាងត្បូងបានកោះហៅអគ្គរដ្ឋទូតចិនដើម្បីតវ៉ាទៅនឹងការដែលកប៉ាល់នេសាទចិនចាប់ត្រីខុសច្បាប់នៅតំបន់សមុទ្រកូរ៉េខាងត្បូង កាលពីថ្ងៃតី ៧តុលា បានបុកពន្លិចនាវាល្បាតសមុទ្ររបស់ប្រទេសនេះ នេះបើតាមគេហទំព័រ Yonhap។
Yonhap ដកស្រង់ព័ត៌មានពីកងកម្លាំងល្បាតសមុទ្រកូរ៉េខាងត្បូងនៅ Incheon (ភាគខាងលិចក្រុង Seoul) បានឱ្យដឹងថា ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី ៧តុលា នៅតំបន់សមុទ្រដែលមានចម្ងាយពីកោះ Socheong ៧៦គីឡូម៉ែត្រទៅភាគនិរតី។ មុននេះ នាវាល្បឿនលឿនមួយគ្រឿងរបស់កូរ៉េខាងត្បូង បានដឹកកម្លាំងល្បាតសមុទ្រជាច្រើននាក់ បានរកវិធីចាប់ឃាត់កប៉ាល់ចិនដែលនាសាទខុសច្បាប់។ ប៉ុន្តែ នៅពេលនាវាល្បាតកូរ៉េខាងត្បូងកំពុងគ្រប់គ្រងកប៉ាល់នេសាទចិន ក៏ស្រាប់តែមានកប៉ាល់នេសាទចិនមួយគ្រឿងផ្សេងទៀត បានបុកពីខាងក្រោយ។

នាវាល្បាតសមុទ្រមួយគ្រឿងរបស់កូរ៉េខាងត្បូង
នៅពេលដែលនាវាល្បាតកូរ៉េខាងត្បូងត្រូវបុកពន្លិច នៅលើនាវានេះ មានតែអ្នកបើកបរម្នាក់ ខណៈដែលសមត្ថកិច្ច ៨នាក់ផ្សេងទៀត នៅលើកប៉ាល់នេសាទចិន។ អ្នកបើកបរនាវាល្បាតកូរ៉េខាងត្បូង ក្រោយមក ត្រូវបានជួយសង្គ្រោះពីនាវាល្បាតផ្សេងមួយទៀត។
Yonhap ឱ្យដឹងថា ក្នុងពេលនោះ កប៉ាល់នេសាទចិនរាប់សិបគ្រឿង បានឡោមព័ទ្ធនាវាកូរ៉េខាងត្បូង បង្ខំឱ្យកងកម្លាំងនេះ ត្រូវបាញ់ព្រមាន ហើយដើម្បីសុវត្ថិភាព កម្លាំងល្បាតដែលនៅលើកប៉ាល់នេសាទចិន ត្រូវចាកចេញជាបន្ទាន់។
យោងតាមកម្លាំងល្បាតរបស់កូរ៉េខាងត្បូង ក្នុងអំឡុងមានការប៉ះទង្គិច គឺមានកប៉ាល់នេសាទចិនចំនួនប្រហែល ៤០គ្រឿង កំពុងនេសាទដោយខុសច្បាប់ក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសនេះ។
បច្ចុប្បន្ន កងកម្លាំងល្បាតសមុទ្ររបស់ប្រទេសទាំងពីរ បានចេញបញ្ជាឱ្យតាមចាប់កប៉ាល់ដែលបានបុកពន្លិចនាវាល្បាតរបស់កូរ៉េខាងត្បូង។ ខណៈនេះដែរ កងកម្លាំងល្បាតសមុទ្ររបស់កូរ៉េខាងត្បូងបានកោះហៅអនុប្រធាអគ្គកុងស៊ុលចិនកាលពីម្សិលមិញ ចំណែកឯក្រសួងការបរទេសកូរ៉េខាងត្បូងក៏បានកោះហៅប្រធានអគ្គកុងស៊ុលចិនក្នុងថ្ងៃតែមួយ ដើម្បីតវ៉ាអំពីហាតុការណ៍ខាងលើ ទន្ទឹមនឹងនេះ ក៏បានស្នើឱ្យចិន ទប់ស្កាត់មិនឱ្យកើតមានបញ្ហាដូចគ្នានេះកើតឡើង៕
ប្រសម្រួល ៖ តារាប្រភព ៖ Globaltimes/Yonhap