ភពថ្មីនេះ គឺជាភពដែលនៅជិតព្រះអាទិត្យបំផុត ពោលគឺមានចម្ងាយត្រឹមតែ ៤,២ឆ្នាំពន្លឺប៉ុណ្ណោះ ហើយមនុស្សអាចនឹងទៅដល់ភពនោះ ក្នុងសតវត្សរ៍នេះ។

ក្រុមអ្នកវិទ្យាសាស្ដ្រនៅស្ថានីយតារាសាស្ដ្រអឹរ៉ុបខាងត្បូង (European Southern Observatory –ESO) បានទទួលស្គាល់ថា ពួកគេបានរកឃើញភពមួយដែលដូចទៅនឹងផែនដី ស្ថិតក្រៅប្រព័ន្ធព្រះអាទិត្យ។ ប្រការដែលអស្ចារ្យគឺថា ភពនេះស្ថិតក្នុងតំបន់ដែលអាចឱ្យមនុស្ស និងសត្វ ឬរុក្ខជាតិរស់នៅបាន ហើយវានៅក្បែរ Proxima Centauri ដែលជាផ្កាយមួយនៅជិតព្រះអាទិត្យបំផុត គឺមានចម្ងាយប្រមាណជា ៤,២ឆ្នាំពន្លឺពីព្រះអាទិត្យ។
មកដល់ពេលនេះ អ្នកវិទ្យាសាស្ដ្របានរកឃើញភ័ស្ដុតាងអំពីភពមួយដែលកំពុងវិលជុំវិញផ្កាយ Proxima Centauri។ ភពដែលត្រូវបានគេដាក់ឈ្មោះថា Proxima b នេះ ត្រូវបានគេគន់គូរឃើញថា មានទំហំធំជាងផែនដីប្រហែល ១,៣ដង។

ភព Proxima b មានចម្ងាយពីផ្កាយ Proxima Centauri ត្រឹមតែ ៧លានគីឡូម៉ែត្រ ស្មើនឹង ៥%នៃរយៈចម្ងាយពីផែនដីទៅព្រះអាទិត្យ។ ប៉ុន្តែ សីតុណ្ហភាពរបស់ផ្កាយ Proxima Centauri គឺទាបជាងព្រះអាទិត្យ ដូច្នេះភព Proxima b នៅតែជាកន្លែងដែលអាចឱ្យមានជីវិតរស់នៅបានព្រោះវាអាចនឹងមានទឹកក្នុងសភាពរាវនៅលើផ្ទៃរបស់វា។
គេនៅមិនទាន់ប្រាកដថា ភពនេះ មានបរិយាកាសហើយ ឬនៅ។ ព្រោះថា Proxima Centauri គឺជាផ្កាយដែលធ្វើសកម្មភាពខ្លាំង ហើយភព Proxima b អាចនឹងទទួលឥទ្ធិពលពីវិទ្យុសកម្មខ្ពស់ជាង ៤០០ដង បើធៀបនឹងផែនដី។ វិទ្យុសកម្មខ្លាំងបែបនេះ អាចបក់ផាត់បរិយាកាសរបស់ភពនេះបាន។

ប្រការដែលមនុស្សយើងចង់បានបំផុតនាបច្ចុប្បន្ន គឺនៅក្នុងជំនាន់មនុស្សបន្ទាប់ យើងនឹងអាចបាញ់បង្ហោះនូវយានអវកាសដែលមានល្បឿនលឿន។ បច្ចុប្បន្ន យើងមានគោលដៅច្បាស់លាស់ និងអស្ចារ្យសម្រាប់ការធ្វើដំណើរដែលមានរយៈពេលរាប់សិបឆ្នាំ។ នៅក្នុងសតវត្សរ៍នេះ យើងនឹងរកឃើញចម្លាយសម្រាប់សំនួរដែលសួរថា “តើមនុស្សកំពុងមានភាពឯកោក្នុងលំហអវកាសដ៏ធំធេងនេះ?”។
ប្រែសម្រួល ៖ តារា