គ្រោះថ្នាក់ ស្ទើរតែមិនគួរឲ្យជឿ ៖ សមាជិកម្នាក់ មកពីក្រុមតារាចម្រៀងស្រី SNH48 ពីទីក្រុងសៀងហៃ ប្រទេសចិន កំពុងតែសម្រាក ព្យាបាល ករណីគ្រោះថ្នាក់ រលាកភ្លើង កម្រិត ធ្ងន់ធ្ងរខ្លាំង ក្រោយពីនាងច្រឡំដុតខ្លួនឯង ដោយ អចេតនា នាល្ងាចថ្ងៃអង្គារ កន្លងទៅនេះ នៅក្នុងហាងកាហ្វេ ក្នុងស្រុកមួយ កន្លែង ។
សេចក្តីរាយការណ៍ ពីសារព័ត៌មាន The Paper អោយដឹងថា ស្ថិតនៅក្នុងវ័យ ២៤ ឆ្នាំ នាង Tang Anqi បច្ចុប្បន្នភាព កំពុងតែសម្រាកព្យាបាលរបួសរបស់ខ្លួន នៅឯមន្ទីរពេទ្យ Changhai នាទីក្រុងសៀងហៃ ប្រទេសចិន ។ ប្រភពបន្តឲ្យដឹងថា នាង ទទួលរងរបួស ធ្ងន់ជាខ្លាំង រលាកដល់ទៅ ៨០ភាគរយនៃរាង កាយរបស់នាង។ ប៉ូលីសពីសង្កាត់ Baoshan ទីក្រុង សៀងហៃ បកស្រាយឲ្យដឹងថា នាង Tang បាន ច្រឡំដុតខ្លួនឯងដោយអចេតនា ជាមួយ នឹង ដែកកេះ នៅវេលាម៉ោង ៧ និង ៤៥ នាទីល្ងាច នាជាន់ ខាងលើ នៃហាងកាហ្វេក្នុងស្រុកមួយកន្លែង បន្ទាប់ពីមានជម្លោះជាមួយនឹងមិត្តស្រីរបស់នាង ។
រំពេចនោះ នាង Tang បាន ស្ទុះរត់ចុះទៅជាន់ក្រោម និង ស្រែកឆោឡោ រកជំនួយ។ ភ្លាមៗ បុគ្គលិក ហាងកាហ្វេ បានស្ទុះទៅជួយនាង ដោយពន្លត់ភ្លើងដែលបានឆាបឆេះ។ អ្នកគ្រប់គ្រងហាងកាហ្វេ គូស បញ្ជាក់ឲ្យដឹងថា ភ្លើងឆាបឆេះរាលដាលពេញខ្លួនជនរងគ្រោះ ត្រឹម តែ មួយពព្រិចភ្នែក និងរាលដាល ដោយងាយ ដោយសារតែ ជនរងគ្រោះ ពាក់ស្រោមបារ (Pantyhose) ដូច្នេះ បណ្តាស្រ្តីភេទ ដែលចូល ចិត្តពាក់ស្រោមបារគួរណាស់តែប្រយ័ត្នឲ្យបាន ខ្ពស់ ។ សេចក្តីរាយការណ៍ ពីក្រុមហ៊ុនគ្រប់គ្រងនាង Tang បំភ្លឺតាមរយៈគណនីទំព័រ Weibo ឲ្យដឹងថា នាង Tang បាន រងរបួសរលាកយ៉ាងធ្ងន់ធ្ងរ ខណៈ ពេលនេះនាងត្រូវការឈាមសង្គ្រោះជាបន្ទាន់ ស្រប ពេល ដែល ជោគវាសនាជីវិតរបស់នាង ស្ថិតនៅ ក្នុងសភាពមានគ្រោះថ្នាក់នៅឡើយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណា