សេអ៊ូល៖ យោធាប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បានព្រមានថា ខ្លួននឹងសងសឹក ដើម្បីប្រឆំាងប្រទេសកូរ៉េខាងជើង ប្រសិនបើប្រទេស កុម្មុយនីសនេះ ហ៊ានឈ្លានពាន ដោយប្រការណាមួយនោះ។

យោងតាម ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៣ ដោយស្រង់សម្តីលោក គីម យុងហ៊ុន អគ្គមេបញ្ជាការ យោធាកូរ៉េខាងត្បូង និយាយក្នុងសន្និសីទសារ-ព័ត៌មានមួយថា «ប្រសិនបើប្រទេសកូរ៉េខាងជើង ហ៊ានឈ្លានណាមួយមក លើជីវិត និងស្ថិរភាព ក្នុងប្រទេសរបស់យើង យោធារបស់យើងនឹងសងសឹកឲ្យចាស់ដៃ ដោយចាប់ផ្តើមពីចំណុច នៃការឈ្លានពាន និងក្រុមអ្នកគំាទ្រ សម្រាប់ការ ឈ្លានពាន ព្រមទំាងភាពជាអ្នកដឹកនំា»។

គួរបញ្ជាក់ផងដែរថា ការព្រមានតបតវិញនេះ បានកើតឡើងរយៈពេលមួយថ្ងៃ បន្ទាប់ពីក្រុម បញ្ជារបស់យោធាកំពូល ប្រទេសកូរ៉េខាងជើង បាន គំរាមរំសាយចោលកិច្ចព្រមព្រៀង ផ្អាកសង្គ្រាមកូរ៉េ ដើម្បីជាការឆ្លើយតប ទៅនឹងការចូលរួមធ្វើសមយុទ្ធយោធា រវាងប្រទេសកូរ៉េខាងត្បូង និងសហ-រដ្ឋអាមេរិក៕

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល