ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹង ដែលបានចេញផ្សាយ កាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ២០១៣កន្លងទៅ ដោយអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ម្ចាស់សំណង់បុរី ផ្ទះល្វែង វីឡា ឬអគារសម្រាប់លក់ទាំងអស់ ត្រូវធ្វើការបង់ពន្ធ នេះបើយោងតាមអង្គប្រជុំ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣ ជាមួយម្ចាស់ សំណង់បុរី ផ្ទះល្វែង វីឡា ឬអគារ និងចំណារឯកភាព របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣។
សេចក្តីជូនដំណឹងខាងលើ បានបន្តឲ្យដឹងទៀតថា អគ្គនាយកដ្ឋានពន្ធដារ សូមជម្រាប ជូនដំណឹងដល់ ម្ចាស់សំណង់បុរី ផ្ទះល្វែង ឬអគារសម្រាប់លក់ទាំងអស់ ចំនួន ២ចំណុចដូចខាងក្រោម ៖
១-ម្ចាស់សំណង់ដែលបានបើកការដ្ឋានសាងសង់ និងលក់ចាប់ពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣ ត្រូវទិញគ្រឿងសំណង់ពីអ្នកជាប់ពន្ធ តាមរបបស្វ័យប្រកាស (របបពិត) ដើម្បីទទួលបានឥណទាន លើអាករធាតុចូល សម្រាប់កាត់កង ជាមួយអាករលើធាតុ ចេញនៅពេលលក់ចេញ ។
២-ការសាងសង់ផ្ទះល្វែង វីឡា ឬអគារសម្រាប់លក់ទាំងអស់ ត្រូវបូកបន្ថែមអាករ លើតម្លៃបន្ថែម ១០ភាគរយ លើតម្លៃសំណង់ តាមមាត្រា៦៤ នៃច្បាប់ស្តីពីសារពើពន្ធ និងបូកបន្ថែមប្រាក់រំដោះពន្ធ លើប្រាក់ចំណេញ ១ភាគរយ លើតម្លៃសំណង់ និងដីតាមមាត្រា ២៨។ ទន្ទឹមនឹងនេះ ម្ចាស់សំណង់ក៏មានកាតព្វកិច្ច បង់ប្រភេទពន្ធផ្សេងៗទៀត តាមច្បាប់ជាធរមានផងដែរ។
អគ្គនាយកដ្ឋានពន្ធដារ បានធ្វើការព្រមានថា ករណីម្ចាស់សំណង់មិនអនុវត្ត តាមសេចក្តីជូនដំណឹងខាងលើនេះ នឹងទទួលរងការកំណត់ពន្ធឡើងវិញ ស្របតាមមាត្រា១១៦ មាត្រា១១៧ រួមទាំងទោសទណ្ឌតាមមាត្រា១២៨ មាត្រា១៣០ មាត្រា១៣១ មាត្រា១៣២ និងមាត្រា១៣៣ នៃច្បាប់សារពើពន្ធ។
បច្ចុប្បន្ន យើងសង្កេតឃើញថា សំណង់អគារ វីឡា និងផ្ទះល្វែង មានការរីកលូតលាស់ ដូចផ្សិត ទាំងនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តផងដែរ ដូច្នេះហើយ យើងសង្ឃឹមថា ម្ចាស់សំណង់អគារទាំងអស់ នឹងអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ ជាក់ជាពុំខាន ៕


ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល