ក្នុងរយៈពេល ១០០ឆ្នាំទៀត វិទ្យាសាស្ដ្រអាចនឹងធ្វើឱ្យរូបរាងខាងក្រៅរបស់មនុស្សមានការប្រែប្រួល។ អ្នកវិទ្យាសាស្ដ្រមួយក្រុមនៅសកលវិទ្យាល័យ Harvard អាមេរិក ដែលដឹកនាំដោយអ្នកវិទ្យាសាស្ដ្រ Juan Henriquez បានធ្វើការសិក្សាស្រាវជ្រាវផ្សេងៗគ្នាជាច្រើនដើម្បីស្វែងយល់ថា តើមនុស្សនឹងមានរូបរាងបែបណា ក្នុងរយៈពេល១០០ឆ្នាំខាងមុខ។

/

អ្នកវិទ្យាសាស្ដ្រយល់ថា មនុស្សនឹងត្រូវប្រែប្រួលដោយសារកត្តាវិទ្យាសាស្ដ្រ

យោងតាមអ្នកវិទ្យាសាស្ដ្រ មនុស្សអាចនឹងមិនរស់ទៅតាមការវិវត្តរបស់ធម្មជាតិ។ មូលហេតុគឺថា ព្រោះជីវភាពរបស់មនុស្សត្រូវបានឡោមព័ទ្ធដោយការគំរាមផ្សេងៗគ្នា។

អ្នកវិទ្យាសាស្ដ្រ Henriquez យល់ថា មកដល់ពេលនេះ គេឃើញថា ជ្រុងមួយនៃជីវិតរបស់មនុស្សអាចផ្លាស់ប្ដូរមនុស្សបាន នោះគឺ វិទ្យាសាស្ដ្រ។ វិទ្យាសាស្ដ្របច្ចុប្បន្ន កំពុងត្រូវបានប្រើប្រាស​ដើម្បីព្យាបាលជម្ងឺផ្សេងៗរបស់មនុស្ស ប៉ុន្តែ ក្នុងអនាគត វិទ្យាសាស្ដ្រអាចកែលំអហ្សែនរបស់មនុស្ស។

អ្នកវិទ្យាសាស្ដ្រខាងលើយល់ឃើញថា ជាង ១០០ឆ្នាំទៀត មនុស្សនឹងត្រូវបានកែលំអជាងបច្ចុប្បន្ន។ អ្នកអវកាសដែលទៅកាន់ភពព្រះអង្គារ នឹងស៊ាំទៅលើជិវិតនៅទីនោះ ប្រការនេះវា​នឹងធ្វើឱ្យប្រព័ន្ធនានាក្នុងរាងកាយត្រូវប្រែប្រួល ដូចជាប្រព័ន្ធដង្ហើមជាដើម ដើម្បីធ្វើឱ្យការដកដង្ហើម មានភាពងាយស្រួល។ ឆ្អឹងខ្នងអាចនឹងត្រូវប្រែរូបរាង ព្រោះតែទំនាញត្រូវប្ដូរផ្លាស់។ ចំណែកភ្នែករបស់មនុស្សក៏នឹងមិនស្ថិតក្នុងបញ្ជីមិនប្រែប្រួលនោះដែរ៕

ប្រែសម្រួល ៖ តារាប្រភព ៖ Dailymail