មនុស្សជិតពាន់នាក់ ត្រូវបានជម្លៀសចេញពីអាគារស្នាក់នៅដែលមានកម្ពស់ជាង ៣៣០ម៉ែត្រ នៅក្រុង Dubai ដែលជាអាគារខ្ពស់បំផុតមួយ នៅក្នុងពិភពលោក។

ទំព័រ Reuters ឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅលើអាគារខ្ពស់ជាងគេក្នុងប្រទេសអារ៉ាប់រួម (UAE) នៅម៉ោងជាង ៣ទៀបភ្លឺថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥ (ត្រូវនឹងម៉ោងជាង ៦ព្រឹកម៉ោងនៅកម្ពុជា)។ អគ្គិភ័យបានចាប់ផ្តើមឆាបឆេះចេញ ពីអាគារជាន់ទី៥០ ហើយបានរាលដាល់រហូតដល់ជាន់ទី៧០ នៅម៉ោងជាង ៧ព្រឹក។

សាក្សីនៅកន្លែងកើតហេតុឱ្យដឹងថា ពេលកំពុងឆាបឆេះ ពួកគេបានឃើញកញ្ចក់ និងដែកជាច្រើន បានធ្លាក់ចុះពីកន្លែងក្បែរដំបូលអាហារដែលមាន ៧៩ជាន់នេះ។ ប្រជាជនដែលនៅលើអាគារពីរក្បែរនោះ ក៏បានភៀសខ្លួនចេញមកក្រៅផងដែរ។

BBC ឱ្យដឹងថា ខ្យល់ខ្លាំង បានបណ្ដាលឱ្យភ្លើងរាលដាលស្ទើរតែគ្រប់កន្លែងក្នុងអាគារនេះ។ បច្ចុប្បន្ន មិនទាន់ដឹងថា មានរបួស ឬស្លាប់ប៉ុន្មាននាក់នៅឡើយ។


ទំព័រ AP ឱ្យដឹងថា អាគារ Marina Torch Tower នេះ បានបើកទ្វារដំណើរការកាលពីខែឧសភា ឆ្នាំ ២០១១។ វាស្ថិតនៅក្នុងខណ្ឌ Marina ជាតំបន់ដែលមានអាគារខ្ពស់ជាច្រើន ក្នុងនោះមានសំណង់មួយចំនួន ត្រូវបានសាងសង់តាំងពីជាង ១០ឆ្នាំមុន។

គួររំលឹកថា កាលពីឆ្នាំ ២០១២ ក៏ធ្លាប់មានករណីឆេះអាគារ Tamweel ៣៤ជាន់ នៅក្រុង Dubai ។ ករណីនេះ មិនមានមនុស្សស្លាប់ ប៉ុន្តែ មានមនុស្សរាប់រយនាក់ បានបាត់បង់ផ្ទះសម្បែង។ នគរបាលឱ្យដឹងថា អគ្គីភ័យនេះ បានចាប់ផ្ដើមឡើងដោយបារីមួយដើម៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Reuters/BBC/Youtube