- លោកផ្កាយ១ ឱក បូរិន មេបញ្ជាការ អ.ហ ខេត្តស្ទឹងត្រែង ផ្ទេរទៅធ្វើជាមេបញ្ជាការ អ.ហ ខេត្តបន្ទាយមានជ័យវិញ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ (អ.ហ) លើផ្ទៃប្រទេស និងជាមេ បញ្ជាការ អ.ហ ខេត្តបន្ទាយមានជ័យ នឹងត្រូវផ្ទេរមកគ្រងតំណែងជាមេបញ្ជាការ អ.ហ នៅរាជធានីភ្នំពេញវិញ ជំនួសលោកឧត្តមសេនីយ៍ឯក យ៉ា គឹមអ៊ី ។នេះបើយោងតាមប្រភពពីមន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

បើតាមប្រភពពីមន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា ពិធីផ្ទេរតំណែងនេះ នឹងធ្វើឡើងនៅម៉ោង៣ រសៀលថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ស្អែកនេះ។

ប្រភពដដែលនេះ បន្តថា លោកឧត្តមសេនីយ៍ឯក យ៉ា គឹមអ៊ី នឹងត្រូវឡើងបំពេញការងារកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសវិញ។ ប្រភពបន្តថា ការផ្លាស់ប្តូរសមាសភាពមេបញ្ជាការកងរាជអាវុធហត្ថនេះ ធ្វើឡើងដើម្បីជាការកែ សម្រួលប្រព័ន្ធការងារក្នុងជួរកងកម្លាំងកងរាជអាវុធហត្ថតែប៉ុណ្ណោះ មិនមានបញ្ហាអ្វីផ្សេងនោះឡើយ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ឱក បូរិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងអតីតជាមេបញ្ជា ការរងខេត្តបន្ទាយមានជ័យនោះ ក៏នឹងត្រូវផ្ទេរតំណែងទៅធ្វើជាមេបញ្ជាការ អ.ហ ខេត្តបន្ទាយមានជ័យផងដែរ។

សូមបញ្ជាក់ថា លោកផ្កាយ២ រ័ត្ន ស្រ៊ាង ជាមេបញ្ជាការកងរាជអាវុធហត្ថមួយរូប ត្រូវបានគេទទួលស្គាល់ និងដឹង ថា បានសាងនូវសមិទ្ធផល និងស្នាដៃជាច្រើននៅក្នុង ទីបញ្ជាការដ្ឋាន អ.ហ ខេត្តបន្ទាយមានជ័យ តាមរយៈហ្វឹក ហាត់ដល់កងកម្លាំងប្រកបដោយប្រសិទ្ធភាពក្នុងការរក្សាសន្តិសុខជូនប្រជាពលរដ្ឋ។ មិនតែប៉ុណ្ណោះលោកបាន បង្កើតកន្លែងអប់រំកែប្រែផ្តាច់ថ្នាំញៀនដល់ក្រុមយុវជន បានជាច្រើននាក់ថែមទៀតផង។

ជាពិសេសនៅពេលថ្មីៗនេះ លោកបានសាងនូវស្នាដៃមួយធ្វើឲ្យសាធារណមតិជាច្រើនសាទរ តាមរយៈកោះហៅ មន្រ្តី អ.ហ ដែលស្ពឹកស្ពន់និងការងារបណ្តែត បណ្តោយឲ្យខ្លួនអសមត្ថភាពក្នុងការបំពេញការងាររក្សាសន្តិសុខ មក លត់ដំសម្រកខ្លាញ់ និងក្បាលពោះ៕

Photo

លោកឧត្តមសេនីយ៍ឯក យ៉ា គឹមអ៊ី និង លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង

Photo

Photo

Photo

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល