ភ្នំពេញ៖ បុរសម្នាក់ជិះកង់តាំងពី ជិតកៀនស្វាយ មកឈប់លើស្ពានមុនីវង្ស ហើយឡើងលើបង្កាន់ដៃស្ពាន បម្រុងលោតចុះទៅក្នុងទឹក ប៉ុន្តែត្រូវអ្នកដំណើរ និងនគរបាល នាំគ្នាជួយឃាត់ទាន់។ ហេតុការណ៍ភ្ញាក់ផ្អើលអ្នកដំណើរ និងសមត្ថកិច្ចនាំគ្នា ចាប់ឃាត់យុវជនប្រុងលោតទឹកនេះ កើតឡើង នៅស្ពាន ព្រះមុនីវង្សថ្មី កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៣ សង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ។    

អ្នកដំណើរដែលបានឃើញ ទិដ្ឋភាព ជនប្រព្រឹត្តអំពើ ដែលព្រះប្រោសមិនរួចនោះ បាននិយាយថា មុនដំបូងគេ បានឃើញជនម្នាក់ ជិះកង់មួយគ្រឿង ក្នុងទិសដៅពី លិចទៅកើត ឡើងមកដល់ពាក់កណ្តាលស្ពាន ក៏ឈប់កង់ ហើយដើរឡើងលើបង្កាន់ដៃស្ពាន បម្រុងលោតចុះទឹក ប៉ុន្តែត្រូវបានបងប្អូនប្រជាពលរដ្ឋ អ្នកដំណើរស្រែកឃាត់ និងចាប់អូសដៃទម្លាក់ពីលើ បង្កាន់ដៃស្ពាន យកទៅកាន់ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ច្បារអំពៅ១ និងបានសួរនាំ ទំនាក់ទំនងទៅ ក្រុមគ្រួសារឲ្យមកទទួលយកទៅអប់រំឯផ្ទះវិញ។

បុរសចង់បញ្ចប់វាសនា អាក្រក់ក្នុងជាតិនេះ បាននិយាយរៀបរាប់ប្រាប់ សមត្ថកិច្ចថា ខ្លួនធ្វើដំណើរ ដោយជិះកង់ ចេញពីផ្ទះ នៅឯសង្កាត់ក្បាលកោះ តាមផ្លូវជាតិលេខ ១ ឡើងស្ពានព្រះមុនីវង្សចាស់ ហើយត្រឡប់មកដល់គល់ ស្ពានព្រះមុនីវង្សថ្មីពីខាងកើត ក៏សម្រេចឡើងលើ បង្កាន់ដៃស្ពានបម្រុងលោតទឹក សម្លាប់ខ្លួន តែត្រូវអ្នកដំណើរ ដែលកំពុងជិះម៉ូតូឆ្លងកាត់ បាននាំគ្នាចុះឈប់ឃាត់ និងហៅ សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ភ្លាមៗ ទើបអាចសង្គ្រោះ បុរសខាងលើនេះ នឹងពន្យល់រូបគេកុំឲ្យគិតខ្លីបែបនេះ។

លោក ពៅ ហួត ចៅសង្កាត់ ច្បារអំពៅ១ បានឲ្យដឹងថា ជនដែលគិតខ្លីបែបនេះមានឈ្មោះ ស៊ុំ សាមឿន អាយុ ២៦ ឆ្នាំ ស្នាក់នៅសង្កាត់ក្បាលកោះ ខណ្ឌមានជ័យ ។ បុរសឈ្មោះ ស៊ុំ សាមឿន បាននិយាយរៀបរាប់ប្រាប់ សមត្ថកិច្ចថា មូលហេតុដែលខ្លួន ជិះកង់មកលោត ទឹកធ្វើអត្តឃាតខ្លួនឯង គឺដោយសាររូបគេតូចចិត្តនឹងវាសនាខ្លួន មានជីវភាព ក្រីក្រពេក ហើយជីវភាពនេះ មិនអាចធ្វើឲ្យរូបគេរកប្រាក់ចំណូល ដើម្បីដណ្តឹងប្រពន្ធបានក៏សម្រេចមកលោតទឹក ដើម្បីបញ្ចប់វាសនាបែបនេះ តែត្រូវបានសមត្ថកិច្ចជួយទាន់ពេលវេលា ៕

width=500

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល