ភ្នំពេញៈ សាលាឧទ្ធរណ៍ នៃប្រទេសកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១២នេះ បានបើក សវនាការ លើសំណុំរឿង លោក ម៉ម សូណង់ដូ នាយកវិទ្យុ សំបុកឃ្មុំ បន្ទាប់ពីសាលា ដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោស រូបលោក ឲ្យជាប់ពន្ធនាគារ រយៈពេល២០ឆ្នាំ និងបង់ប្រាក់ពិន័យ រាប់លានរៀល ជាប់ពាក់ព័ន្ធ នឹងរឿងដីធ្លី នៅខេត្តក្រចេះ ។

លោក ម៉ម សូណង់ដូ ត្រូវបានមន្ត្រី ពន្ធនាគារ នាំខ្លួនមកដល់ សាលាឧទ្ធរណ៍ នាវេលាម៉ោង៨ព្រឹក ។ ដោយឡែក នៅពេលថ្ងៃបើក សវនាការនេះ ក៏មានអ្នកគាំទ្រ លោក ម៉ម សូណង់ដូ ជាច្រើននាក់ មកប្រមូលផ្តុំគ្នា ដើម្បីរង់ចាំមើលលទ្ធផល នៃសវនាការ ខណៈដែលកម្លាំង សមត្ថកិច្ចចម្រុះ របស់រាជធានី ភ្នំពេញ ត្រូវបានដាក់ ពង្រាយការពារ សន្តិសុខនៅទីនោះ ។

លពីថ្ងៃទី១ ខែតុលា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ផ្តន្ទាទោសលោក ម៉ម សូណង់ដូ ដាក់ពន្ធនាគារ២០ឆ្នាំ និងពិន័យជាប្រាក់ ១០លានរៀល ពីបទផ្តើម គំនិតញុះញង់ប្រជាពលរដ្ឋប្រឆាំងអាជ្ញាធរសាធារណៈ និងផ្តើមគំនិតឲ្យប្រជាពលរដ្ឋ ធ្វើកុបកម្មប្រឆាំងអ្នករាជការសាធារណៈ ស្ថិតនៅភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

លោក ម៉ម សូណង់ដូ ត្រូវបានចាប់ខ្លួននៅពេល៣ថ្ងៃ ក្រោយពីរូបលោកត្រឡប់ ពីក្រៅប្រទេសមកកម្ពុជាវិញ ដែលការចាប់ខ្លួននេះ ត្រូវបានសាលាដំបូងខេត្តក្រចេះ ចោទប្រកាន់ក្នុងបទល្មើសធំៗ ចំនួន ៤ រួមមាន ទី១- ជាអ្នកផ្តួចផ្តើមគំនិតប្រឆាំងអ្នករាជការសាធារណៈ។ ទី២-ធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់ ក្នុងការបំពេញ មុខងារ សាធារ ណៈរបស់អាជ្ញាធរ។ ទី៣- ញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធខុសច្បាប់ និងទី៤- ប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ តាមមាត្រាមួយចំនួន នៃក្រមព្រហ្មទណ្ឌ ដែលជាប់ពាក់ព័ន្ធ នឹងការបង្កើតតំបន់អប្បគមន៍ ស្ថិតនៅភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ បន្ទាប់មកសាលាដំបូងខេត្តក្រចេះ ក៏បាន សុំផ្ទេរសំណុំរឿងនេះមក សាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការជំនុំជម្រះ៕

/

/

/

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល